រយៈពេល៩ខែឆ្នាំនេះខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរណ៍កើនឡើង១៧១,៥១ភាគរយ
ព្រះវិហារ៖ ក្នុងរយៈពេល៩ខែឆ្នាំ២០២២នេះ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរណ៍សរុបមានចំនួន ២៨០,៥២២នាក់ កើនឡើង ១៧១,៥១ភាគរយភ្ញៀវជាតិ មានចំនួន ២៧៤,៦៨០នាក់ និង ភ្ញៀវអន្តរជាតិមានចំនួន ៥៨៤២នាក់ កើនឡើង ៦៦៦,០៦ភាគរយ ។
នេះបើយោងរបាការណ៍មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានលើកឡើងក្នុងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍” នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅក្នុងសហគមន៍ទំនប់ទឹក៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្ត បានលើកឡើងទៀតថា ជាការកត់សម្គាល់ភ្ញៀវដែល ស្នាក់នៅទស្សនាកំសាន្តតាមរម្មណីយ៍ដ្ឋានផ្សេងៗមានប្រមាណជា ២០,១១% និងភ្ញៀវទេសចរណ៍ដែលមកកំសាន្តហើយវិលត្រលប់ទៅវិញប្រមាណជា ៧៩,០៩% និងមានបុគ្គលិកបម្រើការងារក្នុងមូលដ្ឋានអាជីវកម្ម និងសេវាកម្មចំនួន ៧២២នាក់ ស្រី៤៥២នាក់។
នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានផ្តល់អនុសាសន៍ មួយចំនួនសម្រាប់វិស័យទេសចរណ៍កម្ពុជា ស្របពេលដែលឆ្នាំ២០២២នេះ ត្រូវបានកំណត់ជាឆ្នាំ ដំបូង ស្ថិតក្នុងដំណាក់កាលនៃការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា ឈរលើទស្សនៈ “អនាគតទេសចរណ៍ ចាប់ផ្តើមពីថ្ងៃនេះ” មានដូចជា ជំរុញការអភិវឌ្ឍ និងគោដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព ភាពទាក់ទាញ និងគំនិតច្នៃប្រឌិត ជំរុញការកសាងផែនការរួម គ្នា ការប្រើប្រាស់រួមគ្នាគ្រប់ភាគីពាក់ព័ន្ធ រដ្ឋ ឯកជន សហគមន៍ទេសចរណ៍ ពិសេសអនុញ្ញាតឲ្យ អាជីកម្មទេសចរណ៍គ្រប់កម្រិត ទាំងខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឲ្យមានការ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ។
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជីករទាំងអស់ ដើម្បីឲ្យភ្ញៀវទេសចរណ៍ចូល មកលេងកំសាន្ត យើងត្រូវគិតអំពីអេកូទេសចរណ៍គឺ ទេសចរណ៍បែបធម្មជាតិ ត្រូវចេះកែច្នៃ តំបន់ទេសចរណ៍ដែលមានស្រាប់សំអាតបរិស្ថានឲ្យមានល្អនិងត្រូវមានបន្ទុប់ទឹកឲ្យបានសមរម្យ៕