អភិបាលខេត្តព្រះវិហារ៖ ក្នុងគ្រាលំបាកសម្ដេចតេជោ មិនទុកឱ្យ​ប្រជាពលរដ្ឋណាម្នាក់អត់ស្បៀង អាហារនោះឡើយ

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី បានលើកឡើងថា ការចូលរួមជួយគ្នាក្នុង​គ្រា​លំបាកនេះ គឺជាកិច្ច​ការ​ចាំបាច់បំផុតដែលប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​តែងតែណែនាំឲ្យ អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់​ ត្រូវយកចិត្តទុកដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់អត់ស្បៀង អាហារ​នោះឡើយ ។

ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ខណៈឯកឧត្តម បាន​នាំយក​ជា​ស្បៀង​អាហាររបស់​សម្តេចតេជោ ហ៊ុន សែន ចែកជូន​ប្រជាពលរដ្ឋ​ដែលរងផល​ប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀងនៅក្នុងឃុំចំនួនពីគឺ ឃុំតស៊ូ ចំនួន ១១៩គ្រួសារ និងឃុំពទ្រា ចំនួន ១២៨គ្រួសារ ពិធីនេះធ្វើឡើងនៅសាលាស្រុកជ័យសែន និងសាលា ឃុំពទ្រា ។

នាឱកាសនោះឯកឧត្តម​ បានកោតសរសើដល់ស្រុកជ័យសែន ដែលមានទំលាប់ប្រពៃណីល្អ ក្នុងការ​ធើ្វស្រែបែបធម្មជាតិគ្មានប្រើប្រាស់សារធាតុគីមី ហើយស្រូវធម្មជាតិនេះគឺវាមានតម្លៃថ្លៃ និងនាំយក​ទៅ​លក់នៅលើទីផ្សារអឺរ៉ុប​ផងដែរ ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ​បើមានបញ្ហាអ្វីសូមរាយការណ៍មកអាជ្ញាធរស្រុក ដើម្បីជួយអន្តរាគមន៍​បានទាន់ពលវេលាពិសេសត្រូវមានការប្រុងប្រយ័ត្នការពារកូនតូចៗជៀសវាង​គ្រោះថ្នាក់កើតឡើងជាយថាហេតុ ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លារបស់​សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ដែលបាន​គិតគូរ និងអាណិត​ស្រលាញ់​ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ។

ប្រជាពលរដ្ឋចំនួន ២៤៧គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងមួយគ្រួសារទទួល បានអង្ករ ២៥គីឡូ ទឹកសុទ្ធ ១កេះ មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរ ៕

CATEGORIES
Share This