អាជ្ញាធរឃុំអូរដំបង១ចុះពិនិត្យការស្តារប្រព័ន្ធប្រឡាយ លូ ដើម្បីរំដោះទឹកចេញពីលំនៅឋានរបស់ពលរដ្ឋ
ខេត្តបាត់ដំបង! នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ លោក សេក ផានិត មេឃុំអូរដំបង១ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធបាននាំយកគ្រឿងចក្រចុះកាយប្រព័ន្ធប្រឡាយលូដើម្បីរំដោះទឹកចេញពីលំនៅឋានរបស់ពលរដ្ឋស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
លោក សេក ផានិត មេឃុំអូរដំបង១ បានលើកឡើងថា ដោយសារកន្លងមកនេះនៅក្នុងមូលដ្ឋានខាងលើតែងតែមានការ កកស្ទះប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅ ពេលដែលមានភ្លៀងធ្លាក់ម្តងៗធ្វើអោយលិចដីចំការនិងលំនៅឋានផងនោះ ដោយ មើលឃើញនូវភាពលំបាករបស់បងប្អូន ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវចំណុចខាងលើ ទើបលោកស្នើរដល់មន្ទីរសាធារការនិងដឹកជញ្ជូន ដែលមានឯកឧត្តម ព្រួញ រិទ្ធថា ជាប្រធាន បានអនុញ្ញាតអោយមន្ត្រីជំនាញរបស់លោកនាំយកគ្រឿងចក្រចុះមកកាយប្រព័ន្ធប្រឡាយលូដើម្បីរំដោះទឹកភ្លៀង និងទឹក កខ្វក់ចេញពីមូលដ្ឋានរបស់ពលរដ្ឋភ្លាមៗផងដែរ។
ក្នុងនោះដែរ លោកមេឃុំដដែលក៏បានថ្លែងអំណរគុណទៅដល់មន្ទីរសាធារណការនិងដឹកជញ្ជូនដែលបានខិតខំជួយដោះស្រាយបញ្ហាផ្លូវលិចទឹក និងផ្ទះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ដោយបានធ្វើការស្តារប្រព័ន្ធប្រឡាយនេះឡើងវិញ ហើយក៏សូមថ្លែងអំណរគុណទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងដងប្រឡាយនេះដែលបានចូលរួមយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរនិងក្រុមមន្ត្រីជំនាញដែលចុះធ្វើការស្តារប្រឡាយរំដោះទឹកនៅទីនេះ ហើយក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវដែលមានបំណងចាក់ដីលុបខាងមុខលំនៅឋាន សូមទៅទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានដើម្បីអោយក្រុមជំនាញចុះមកពិនិត្យនិងកំណត់ថាអាចចាក់បានកម្រិតណា ហើយដាក់លូទំហំណាដើម្បីការពារកកស្ទះនិងជន់លិចផ្លូវបណ្តាលអោយខូចខាតពិបាកធ្វើដំណើរ។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋក៏បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ហើយក៏សូមថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំ ពិសេសលោកមេឃុំថ្មីនេះតែម្តងដែលបានខិតខំចុះមកស្តាររៀបចំប្រព័ន្ធប្រឡាយលូថ្មីដើម្បីរំដោះទឹកចេញ ខណៈដែលភូមិមួយនេះបានលិចលង់ប្រាំ ប្រាំមួយឆ្នាំមកហើយអត់មានដំណោះស្រាយទាល់តែសោះ តែឥឡូវបានមេឃុំថ្មីមកកាយរំដោះទឹកចេញពីភូមិអស់ធ្វើអោយពួកគាត់ឈប់ដើរលុយទឹកដូចមុនទៀតហើយ។