អាជ្ញាធរសម្រេចផ្អាករថយន្តធុនតូចឆ្លងកាត់ផ្លូវច្រកអន្តរជាតិដូងក្រោយជំនន់ទឹកភ្លៀងបានហក់ឡើងខ្ពស់

ខេត្តបាត់ដំបង! ក្រោយមានភ្លៀងធ្លាក់ជាប់ៗគ្នានៅតំបន់ព្រំដែនបានបង្កជាជំនន់អូរព្រំដែនហក់ឡើងហូរកាត់ផ្លូវច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀងរហូតអាជ្ញាធរសម្រេចផ្អាករថយន្តធុនតូចមិនអោយឆ្លងកាត់។

ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២នេះថា÷ អាកាសធាតុនៅតំបន់ព្រំដែនរយ:ពេលចុងក្រោយនេះ មេឃបានបង្អុរទឹកភ្លៀងជាបន្តបន្ទាប់ពិសេសនៅពេលយប់ធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតំបន់ទំនាបមួយចំនួនរងផលប៉ះពាល់ដោយទឹកជំនន់ ពិសេសនៅក្នុងភូមិសាស្ត្រទីប្រជុំជនស្រុកកំរៀង ក៏ដូចជានៅតំបន់ក្បែរគ្នាបានបង្កឲ្យទឹកភ្លៀងហក់ឡើងខ្ពស់រហូតជិត ៥ម៉ែត្រនៅត្រង់កំណាត់ស្ពានឆ្លងកាត់អូរព្រំដែនច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង នៃខេត្តបាត់ដំបង។

ជុំវិញជំនន់ទឹកភ្លៀងនេះដែរ លោក សុខ ដែន អភិបាលស្រុកកំរៀង បានបញ្ជាក់ថា÷ ទឹកភ្លៀងបានជោរជនគំហុកហើយបានហូរហៀរឆ្លងកាត់លើស្ពានចាប់តាំងពីព្រឹកមិញមក ហើយគិតត្រឹមម៉ោងជាង ១០ព្រឹក ថ្ងៃទី ១១ ខែតុលានេះទឹកជំនន់ដែលជន់លិចកំណាត់ស្ពានខាងលើនៅមិនទាន់ស្រកថយនៅឡើយ ដែលពេលនេះអាជ្ញាធរ ក៏ដូចជាមន្ត្រីពាក់ព័ន្ធបានសម្រេចបិទផ្អាកការចរាចរណ៍រថយន្តដឹកទំនិញធុនតូចជាបណ្តោះអាសន្នសិនដើម្បីបង្ការប៉ើងរសាត់រថយន្តបង្កបញ្ហាគ្រោះថ្នាក់ផ្សេងៗ៕

CATEGORIES
Share This