ឯកឧត្តម ចុង សុវណ្ណី ប្រជាការពារបង្កើតឡើងគឺដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន
ខេត្តបាត់ដំបង! នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ចុង សុវណ្ណី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំអូរដំបង១ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ឯកសណ្ឋានជូនដល់បងប្អូនប្រជាការពារចំនួន ៤៨នាក់ ស្ថិតក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
នាឱកាសនោះដែរ លោក ហូរ សុវណ្ណរិទ្ធ មេប៉ុស្តិ៍អូរដំបង១ និងលោក សេក ផានិត មេឃុំជាប្រធានគណៈបញ្ជាការឯកភាពឃុំអូរដំបង១ ក៏បានណែនាំទៅដល់កម្លាំងប្រជាការពារទាំងអស់ក្រោយទទួលបានឯកសណ្ឋានថ្មីនេះហើយត្រូវខិតខំបំពេញតួនាទីរបស់ខ្លួនអោយបានខ្ជាប់ខ្ជួន ដោយធ្វើការល្បាតតាមភូមិដែលខ្លួនទទួលខុសត្រូវ ហើយកម្លាំងប្រជាការពារត្រូវគោរពគោលការណ៍បទបញ្ជាផ្ទៃក្នុងរបស់កងកម្លាំង .ប្រជាការពារមិនត្រូវប្រើប្រាស់ឯកសណ្ឋានទៅប្រព្រឹត្តបទល្មើសឬកាងបទល្មើស .ប្រជាការពារត្រូវបន្តសហការជាមួយមេភូមិដើម្បីពិនិត្យតាមដានរាល់សកម្មភាពបទល្មើសណាមួយដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវរាយការណ៍ទៅមេប៉ុស្តិ៍ដើម្បីដឹកនាំកម្លាំងចុះបង្ក្រាបទាន់ពេលវេលា។
បន្ថែមពីនេះ ឯកឧត្តម ចុង សុវណ្ណី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំអូរដំបង១ បានមានប្រសាសន៍ថា ប្រជាការពារបង្កើតឡើងគឺដើម្បីការពារសុវត្ថិភាព ការពារសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយដើម្បីផ្តល់ភាពកក់ក្តៅ ភាពទុកចិត្តដល់គាត់ ប្រជាការពារត្រូវតែម៉ឺងម៉ាត់ ហើយការងារដែលសំខាន់ជាងគេគឺភូមិឃុំមានសុវត្ថិភាព ត្រូវធ្វើយ៉ាងណាទប់ស្កាត់មិនអោយមានល្បែង មិនអោយមានគ្រឿងញៀន មិនអោយមានក្មេងទំនើង ដែលទាំងអស់នេះគឺជាតួនាទីរបស់ប្រជាការពាររបស់យើង។
ឯកឧត្តមបន្ត ប្រជាការពារគឺត្រូវមានឧត្តមគតិស្នេហាជាតិដើម្បីសេចក្តីសុខជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាអោយពួកគាត់គេងលក់ស្រួល អោយពួកគាត់មានទំនុកចិត្តមកលើយើង ពីព្រោះកម្លាំងប៉ុស្តិ៍មានតិចតួច ដូច្នេះដើម្បីផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់ប្រជាពលរដ្ឋគឺមានតែប្រជាការពារនេះហើយ ដូច្នេះយើងត្រូវធ្វើយ៉ាងណាអោយប្រជាពលរដ្ឋស្រឡាញ់យើង ពីព្រោះថ្ងៃក្រោយឃុំអូរដំបូង១ និងក្លាយជាឃុំគំរូ ដោយរក្សាការពារកុំអោយមានគ្រឿងញៀន កុំអោយមានក្មេងទំនើង កុំអោយមានល្បែងស៊ីសង និងកុំអោយមានបទល្មើសផ្សេងៗកើតឡើងជាដាច់ខាត។