សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការ នូវវេទិកាអុំទូក មាត់ស្ទឹងសង្កែ

បាត់ដំបង ៖ ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការ នូវវេទិកាអុំទូក មាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង ។

ក្នុងពិធីនេះសម្តេចក្រឡាហោម បានមានប្រសាសន៍ សម្ដែងការអបអរសាទរ និងកោតសរសើររដ្ឋបាលខេត្តបាត់ដំបង រួមទាំងក្រុមស្ថាបត្យករ វិស្វករ និងកម្មករ កម្មការនី ទាំងអស់ដែលបានដឹកនាំ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការសាងសង់វេទិកាអុំទូកនេះបានយ៉ាងលឿន ប្រកបដោយគុណភាព និងសោភ័ណ្ឌភាព ។

តាមរយៈវេទិកាអុំទូកដ៏ប្រណិតនេះ និងតាមរយៈការៀបចំសោភ័ណ្ឌភាពស្ទឹងសង្កែ ព្រមទាំងសម្បូរទឹកផងនោះ ពិធីប្រណាំងទូកខេត្តបាត់ដំបង នៅឆ្នាំនេះ នឹងប្រារព្ធឡើងយ៉ាងរីករាយ បង្កើតបានបរិយាកាសកាន់តែអធឹកអធម្ម ជូនដល់ប្រជាពលរដ្ឋ បានចូលរួមកំសាន្ត ខណៈដែលកីឡាប្រណាំងទូក គឺជាកីឡាប្រពៃណី ជាកីឡាមហាជន ប៉ុន្តែកីឡានេះបានសម្ដែងឱ្យឃើញពីការរក្សាប្រពៃណីទំនៀមទំលាប់ ការរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋ និងរួមចំណែកលើកកម្ពស់វប្បធម៌ជាតិ ខណៈដែលរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ជាប្រមុខ បានជំរុញលើកស្ទួយគ្រប់ប្រភេទកីឡាទាំងអស់ ។

វេទិកាអុំទូកថ្មីនេះ មានបណ្តោយ ៣៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ និងកម្ពស់ ១៥,០៥ម៉ែត្រ ត្រូវបានរៀបចំឡើងតាមលំនាំនៃស្នាដៃស្ថាបត្យកម្មពីរចនាបទសំណង់វត្តអារាមបុរាណចាស់ៗ អគារសាលាខេត្តចាស់ និងអគារព្រះរាជដំណាក់ផងដែរ ហើយមានលក្ខណៈពិសេសនោះ គឺ មានដំបូលកាកបាទ សញ្ញាបូកបួនទិសធំៗ និងមានបង្ហាញនូវហោជាងយ៉ាងស្រស់ឆើតឆាយ  ផ្នែកដំបូល ក្បឿងស្រកាលេញត្រូវបានសិក្សា និងយកមកប្រើនៅក្នុងគម្រោងវេទិកាអុំទូក ដោយក្បឿងស្រកាលេញ គឺជាក្បឿងខ្មែរ ដែលត្រូវបានប្រើប្រាស់នៅតាមដំបូលផ្ទះ ដំបូលកុដិ ដំបូលព្រះវិហារចំណាស់ៗជាដើម  នៅចំកណ្តាលដំបូលមានស្លាកកសាងដ៏ស្រស់ស្អាត ដែលបានរចនាដោយមានជើងទម្រ និងស៊ុមយ៉ាងល្អប្រណិតដោយមានឆ្លាក់ជាឆ្នាំកសាងនៅខាងក្នុងផងដែរ ម្យ៉ាងទៀតនៅខាងលើព្រំដំបូលវេទិកា មានរំលេចនូវបង្គោលខ្លីៗ ឈរកឹងតំរៀបគ្នាតាមបណ្តោយ និងទទឹងព្រំដំបូលដែលគេហៅថា នាងច្រាល ជាគ្រឿងសិល្បៈលម្អរបស់ខ្មែរ ដែលបានបំពាក់នៅតាមប្រាសាទ និងវត្តអារាមនានាដូចជា  ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយសម្រែ និងប្រាសាទបន្ទាយស្រីជាដើម  និងខាងចុងដំបូលនីមួយៗមានបំពាក់ទៅដោយ ជហ្វា ផងដែរ ។

ផ្នែកហោជាងខាងមុខ និងខាងក្រោយ ដំបូលមុខដាច់ដែលលយមកខាងមុខ ភ្ជាប់ជាមួយហោជាង និងមានរចនាស្លាបហោជាង ដោយបំពាក់ក្បាច់ភ្ងីទេសយ៉ាងស្រស់ស្អាត ជាការសិក្សាដោយយកទម្រង់តាមវត្តឥន្រ្ទាធិបតី ឬវត្តសង្កែ ហើយនៅខាងក្រោមហោជាងមានក្បាច់លម្អដែលហៅថា កញ្ចាំងទ្រអង្គ ដែលយកទម្រង់តាមវត្តពិភិទ្ធារាម  ផ្នែកហោជាងសងខាងសម្រង់ចេញមកពីការសិក្សាទម្រង់វត្តសំរោង ដែលមានដំបូលហោជាងហក់មកខាងមុខទ្រដោយសសរពីរដើម និងមានរំលេចនៅក្បាច់ភ្ងីទេស ដោយនៅខាងក្រោមហោជាងមានក្បាច់លម្អដែលហៅថាកញ្ចាំងទ្រអង្គ ដូចគ្នានឹងហោជាងខាងមុខខាងក្រោយផងដែរ។

ផ្នែកសសរនៅខាងលើក្បាលសសរត្រូវបានបំពាក់ដោយទម្រទ្រេត ឬជន្ទល់ ដែលគេហៅថាដៃស្នា  ដោយឡែកនៅអមជាប់តាមបណ្តោយក្បាលសសរជុំវិញអគារត្រូវបានរចនានិងបំពាក់ដោយក្បាច់ទម្រជញ្ចាំង ផ្នែកបាំងសាចដោយសារអគារវេទិកាអុំទូកខេត្ត ត្រូវបានរចនាដោយបើកលំហទូលាយច្រើនដូចនេះ ក្រុមស្ថាបត្យករបានបំពាក់បាំងសាចខាងក្រៅលម្អដោយជ្រីកំណោងកោងដើម្បីកាត់បន្ថយកុំឱ្យមានទឹកភ្លៀងសាចចូលក្នុងអគារ។ ផ្នែកបង្កាន់ដៃ  សម្រាប់បង្កាន់ដៃត្រូវបានរចនាឱ្យមាននៅជុំវិញអគារ ដែលជាបង្គោលបញ្ឈរត្រង់ៗដែលហៅថាជើងទាន ដោយត្រូវបានសិក្សាទម្រង់តាមជើងទានអគារសាលាខេត្តចាស់ ដោយមានការបន្ថែមផ្នែកខាងលើ និងខាងក្រោមខ្លះដើម្បីឱ្យសមាមាត្រជាមួយអគារវេទិកា  ផ្នែកខាងមុខ  ច្រកចូលធំខាងមុខ មានរូបសំណាកតោធំៗចំនួន ២ ធ្វើពីថ្មភ្នំធម្មជាតិអមសងខាង ដែលត្រូវបានសិក្សា និងយកលំនាំពីតោនៅមុខស្ពានថ្មចាស់ ដែលជាស្ពានបានសាងសង់តាំងពីឆ្នាំ១៩១៦ នៅខាងមុខអគារសាលាខេត្តចាស់ ៕


ដោយ ៖ សាលី

CATEGORIES
Share This