ពលរដ្ឋ ៤៥គ្រួសារ ដែលអាស្រ័យផលដីអាងទឹកអង្គក្តី សុំឱ្យអាជ្ញាធរផ្តល់ប័ណ្ណកម្មសិទ្ធិ ខណៈអ្នកអាស្រ័យផលដូចគ្នា មានប័ណ្ណរួចហើយ

កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ ប្រមាណ៤៥គ្រួសារ ដែលកំពុងអាស្រ័យផលក្នុងអាងទឹកអង្គក្តី បច្ចុប្បន្នរស់នៅក្នុងភូមិអង្គក្តី ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានសុំឱ្យអាជ្ញាធរជួយ ចុះបញ្ជីក្បាលដី និងផ្តល់ប័ណ្ណកម្មសិទ្ធិដល់ពួកគាត់ ខណៈដែលអ្នកអាស្រ័យផលក្នុងអាងទឹកនេះដូចគ្នាមានប័ណ្ណកម្មសិទ្ធិរួចហើយ ។

លោកយាយ អន ជូ អាយុ៧០ឆ្នាំ បានប្រាប់នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះថា លោកយាយបានអាស្រ័យផល ក្នុងអាងទឹកអង្គក្តីតាំងពីឆ្នាំ១៩៩០មកម្លេះ ដោយមិនបានគិតថា ចង់បានឯកសារកាន់កាប់អីនោះទេ ព្រោះគិតថាជាដីរបស់រដ្ឋហើយមិនអាចធ្វើប្លង់បាន ។ តែដោយមើលឃើញថាអ្នកអាស្រ័យផលក្នុងអាងនេះដូចគ្នាគេអាចធ្វើប្លង់បាន អាជ្ញាធរចេញប្លង់ឱ្យ ដូច្នេះគាត់ចង់បានដែរ ។

លោកស្រី អឿង សុខហេង អាយុ៣៨ឆ្នាំ បាននិយាយដូចគ្នាថា គ្រួសារគាត់ក៏បានកាន់កាប់ និងធ្វើស្រែក្នុងអាងអង្គក្តីនេះ តាំងពីឆ្នាំ១៩៩០មកម្លេះ ដូចគ្នាជាមួយបងប្អូនប្រជាពលរដ្ឋដែលទទួលបានប្លង់កាន់កាប់ដែលចេញដោយមន្ទីរជំនាញ។គាត់ចង់បានប្លង់ដូចគេ ហើយក៏បានស្នើរសុំទៅអាជ្ញាធរតែត្រូវរងនូវការរារាំងពីក្រុមពលរដ្ឋដែលអាស្រ័យផលក្នុងអាងដូចគ្នាដែលទទួលបានប្លង់រួចហើយ។គាត់ថាគេរារាំងអាជ្ញាធរនិងមន្ទីរជំនាញមិនឱ្យវាស់វែងនិងចេញប័ណ្ណកម្មសិទ្ធិឱ្យពួកគាត់ គឺអយុត្តិធម៌បំផុតសម្រាប់ពលរដ្ឋទាំង៤៥គ្រួសារ។

ជាមួយនិងការស្នើរសុំនេះលោក ឌឹម សុខុម មេភូមិអង្គក្តីបានលើកឡើងថា ពលរដ្ឋរបស់លោកទាំង៤៥គ្រួសារគឺជាជនរងគ្រោះ ព្រោះផ្ទែដីអាងសរុបជិត៥០ហិកតាត្រូវពលរដ្ឋប្រមាណជាង៣០គ្រួសារដែលអាស្រ័យផលក្នុងអាងហ្នឹងកាន់កាប់និងទទួលបានប្លង់កម្មសិទ្ធិពីមន្ទីរដែនដី នគរូបនីយកម្មនិងសុរិយោដីរួចហើយដោយក្នុងនោះមន្ទីរធនធានទឹកនិងមន្ទីរសុរិយាដីបានកាត់ដីអស់ជិត៤០ហិកតាតាមរយៈការស្នើរសុំរបស់មេភូមិជំនាន់មុន។ដោយឡែក ដីប្រមាណជាង១២ហិកតាដែលនៅសេសសល់និងពលរដ្ឋ៤៥គ្រួសារកំពុងគ្រប់គ្រងអាស្រ័យផលបែរជាមិនអាចទទួលបានប័ណ្ណកម្មសិទ្ធិដូចគ្នាទៅវិញ។លោកថាក្នុងនាមពលរដ្ឋអាស្រ័យផលក្នុងអាងដូចគ្នា គួរតែទទួលភាពស្មើគ្នា ក្នុងនាមលោកជាមេភូមិជំនាន់ក្រោយលោកចង់ឱ្យពលរដ្ឋខ្លួនមានជីវភាពសមរម្យ មានការរស់នៅស្មើមុខស្មើមាត់និងដីបង្កបង្កើនផលចិញ្ចឹមជីវិត។

ជុំវិញការស្នើរសុំរបស់ពលរដ្ឋ៤៥គ្រួសារដែលទទួចចង់បានការគ្រប់គ្រងដោយស្របច្បាប់ខាងលើ លោក   ហ៊ីង សឿន អាយុ ៨២ឆ្នាំ អតីតមេភូមិអង្គក្តីបាននិយាយថាមានពលរដ្ឋជាច្រើនក្នុងភូមិនេះរារាំងនិងដាក់ញត្តិមិនឱ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិឱ្យពលរដ្ឋទាំង៤៥គ្រួសារនេះទេ ពលរដ្ឋចង់ឱ្យរក្សាអាងទុកដើម្បីបានទឹកប្រើប្រាស់និងស្រោចស្រពស្រែចំការ ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This