សម្ដេចតេជោ៖ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារុស្ស៊ី-អ៊ុយក្រែន ត្រូវតែមានការចរចា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ទស្សនទានដើម្បីបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដោយការចរចារវាងរុស្ស៉ី និងអ៊ុយក្រែន ហើយរវាងរុស្ស៉ី ជាមួយណាតូ និងសហភាពអឺរ៉ុប។
ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិនត្បូងឃ្មុំ និងសាលាបឋមសិក្សា និងវិទ្យាល័យតេជោ សែនត្បូងឃ្មុំ ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលចិន នៅព្រឹកថ្ងៃទី៧ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ដើម្បីការចរចាវាងរុស្ស៉ី និងអ៊ុយក្រែន ហើយរវាងរុស្ស៉ី ជាមួយណាតូ និងសហភាពអឺរ៉ុប អាចធ្វើទៅបានត្រូវចាប់ផ្ដើមពីបទឈប់បាញ់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ការចូលរួមគាំទ្រពីប្រទេសដទៃទៅដល់អ៊ុយក្រែន ដូចជាការផ្ដល់អាវុធសម្ភារៈយោធា ក៏ដូចជាការស្ម័គ្រចិត្តចូលរួមធ្វើកងទ័ពទៅជួយដល់ប្រទេសអ៊ុយក្រែន វាមិនខុសអីពីយកសាំងទៅចាក់លើភ្លើងបន្ថែមនោះទេ ដូច្នេះពេលវេលានេះ ជាពេលវេលា ដែលត្រូវរកដំណោះស្រាយ។
បើមិនអ៊ីចឹងទេ ពិភពលោក ប្រហែលជានឹងអាចជ្រួលច្របល់លើសពីនេះ និងជួបវិបត្តិ សេដ្ឋកិច្ចធ្ងន់ធ្ងរ។ ដូច្នេះការចរចារមួយដែលត្រូវធ្វើឡើងដើម្បីបញ្ចៀសការស្លាប់ គឺដោយយកចិត្តទុកដាក់ ទៅលើភាពសមហេតុសមផលទាំងសងខាង ដែលអាចទទួលយកបានក្នុងរយៈពេលវែង៕