Connect with us

ព័ត៌មានជាតិ

ប្រទះឃើញចម្លាក់ក្បាលនាគក្នុងរចនាបថបាយ័ន ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានផុសឡើងតាមឬសឈើមួយដើមបានដួលរលំ

សៀមរាប៖ ថ្មីៗនេះមានការប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ធ្វើពីថ្មភក់ ស្ថិតក្នុង​រចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឱ្យបំណែក​ក្បាលនាគ​ដែលកប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាមឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។

លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បំណែកក្បាលនាគនេះ បានកប់ក្នុងដីជម្រៅប្រមាណ​កន្លះម៉ែត្រ ហើយជាក់ស្តែង ​ដើមស្រឡៅដែលដុះពីលើមិនមានឬសកែវធំៗ ​ទើបពេលភ្លៀងជោគជាំ ដីជ្រាយ ធ្វើឱ្យដួលរលំ​ និងផុសក្បាលនាគដែលឬសឈើដុះចាក់ស្រេះមកជាមួយតែម្តង។

លោក សុម៉ាឡា បន្តថា បំណែកក្បាលនាគនេះ ​មានត្រឹមតែកនាគមកក្បាលខាងលើដែលមាន បណ្តោយ១.២ម៉ែត្រ ទទឹង១ម៉ែត្រ និងកម្រាស់០.៣ម៉ែត្រ ​បំណែកសត្វគ្រុឌជិះលើក្បាលនាគ ស្ថានភាព​មុខនាគខាងមុខមានការខូចខាតច្រើនដោយអន្លើរ​ ដោយបាក់បែកមុខនាគ និងជុំវិញ​សងខាង។ រីឯសត្វគ្រុឌវិញ ​ត្រូវបានបាក់ច្រមុះ ​និងដៃផ្នែកនៅខាងលើ រួមទាំងផ្នែកខ្លះនៃក្បាល។

លោក ឈូក សុម៉ាឡា សន្និដ្ឋានថា ​បំណែកក្បាលនាគនេះអាចយកចេញពីប្រាសាទបាយ័ន តែមិនដឹងថា យកមកទីតាំងនេះក្នុងគោលបំណងអ្វី និងពេលណានោះទេ។ ​

បន្ថែមទៀតថា រូបចម្លាក់បែបនេះច្រើនឃើញនៅរចនាបថបាយ័ន​ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ​ទ្រង់បានយកនាគ និងគ្រុឌដែលជាសត្រូវនឹងគ្នាមកបញ្ចូលក្នុងសិល្បៈតែមួយ។ អាចជាព្រះអង្គចង់បង្ហាញ​ពី​ទស្សនៈបង្រួបបង្រួម​សាសនា​រវាង​ព្រហ្មណ៍សាសនា ​និងព្រះពុទ្ធសាសនា ​ទើបព្រះអង្គឱ្យ​ស្ថាបត្យករ​បញ្ចូលនាគ​ និងគ្រុឌនៅជាមួយគ្នា ​ហើយដាក់បង្ហាញលើសំណង់នានារបស់ទ្រង់។

ដើម្បីរក្សាសុវត្ថិភាព​នូវបំណែកក្បាលនាគនេះ​ ទើបអាជ្ញាធរជាតិអប្សរា សហការជាមួយនគរបាល​ការពារបេតិកភណ្ឌ ​ព្រមទាំងភ្នាក់ងារទេសចរណ៍ ធ្វើកំណត់ហេតុ ប្រគល់ទទួលបំណែកចម្លាក់​ខាងលើ ​យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តម ​សីហនុអង្គរ ​ដើម្បីចុះបញ្ជីទុកជាឯកសារ លាង​សម្អាត រក្សាទុកទៅតាមបច្ចេកទេស និងស្វែងរកទិន្នន័យផ្សេងទៀតផងទាក់ទង​នឹងបំណែក​ក្បាល​នាគនេះ​ ងាយស្រួលយកទៅដាក់​នៅទីតាំងដើមវិញ ​បើមានការជួសជុលនៅទីតាំង​ដែល​បាន​បាត់បង់នោះ៕