អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង
ប៉ៃលិន ៖ រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមអមដំណើរពីអភិបាលរងខេត្ត បានដឹកនាំយុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនពុកម៉ែបងប្អូន ដែលជានិច្ចកាល សម្តេចទាំងទ្វេរតែងបានយកចិត្តទុកដាក់ពីជីវភាព សុខុមាលភាព និងនៅជាមួយប្រជាជនគ្រប់ការលំបាក និងមិនទុកអោយប្រជាពលរដ្ឋខ្មែរណាម្នាក់ ដាច់បាយស្លាប់ដោយលោកមិនបានដឹង និងមិនបានដោះស្រាយជួយសង្គ្រោះឡើយ ។ ក្នុងនាមលោកជំទាវផ្ទាល់ក៏បានសំដែងនូវការសោកស្តាយ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះអាយុជីវិត និងការខូតខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង និងផលដំណាំរបស់ពុកម៉ែបប្អូន ដែលបានរងការខូចខាតនៅពេលនេះ ។ ជាមួយគ្នានេះដែរលោកជំទាវ បានបន្តអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ ត្រូវប្រុងប្រយត្នចំពោះកូនៗតូច និងសត្វល្អិត និងសត្វអសិរពិសនានាដែលអាចបង្ករគ្រោះដល់អាយុជីវិតបាន ។
ជាមួយគ្នានេះដែរលោកជំទាវ បាននាំយកអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាក់ស្តែងចំនួន ៥៨គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០គីឡូ មី១កេស ត្រីខ១ឡូ ទឹកត្រី ៣ដប ទឹកដោះគោក្រហម ១កេស ទឹកសុទ្ធ ១កេស សាប៊ូដុសខ្លួន ៣ដុំ ម៉ាស់ ១ប្រអប់ ឃីត ១ តង់១ និងថវិកា១០០.០០០រៀល ។