ឃាត់ខ្លួនបុរសជាប្តីក្រោយវាយប្រពន្ធអោយរងរបួសធ្ងន់

ខេត្តបាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបុរសម្នាក់ក្នុងករណីអំពើហិង្សាក្នុងគ្រួសារ (ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស)។

សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង០១និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចក្រុម១០ ភូមិស្រះកែវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីអំពើហិង្សាក្នុងគ្រួសារនេះដែរបង្កឡើងដោយបុរសជាប្ដីឈ្មោះ វិន សាវ៉ាន់ អាយុ៤២ឆ្នាំ បានផឹកស្រាស្រវឹងរួចមានការឈ្លោះប្រកែកគ្នាជាមួយប្រពន្ធឈ្មោះ ឡុងសារីតា អាយុ២៩ឆ្នាំ និងបានយកដែកមូលតាន់ប្រវែង១,៣៥ម៉ែត្រ វាយនិងដាល់ទៅលើប្រពន្ធបណ្ដាលអោយរងរបួសជាច្រើនកន្លែងត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ចំណែកបុរសជាប្តីក្រោយពីឃាត់ខ្លួនយកមកសាកសួររហូតមកដល់ពេលនេះត្រូវបានផ្នែកនគរបាលស្រុកសង្កែរៀបចំសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី។

CATEGORIES
Share This