ពលរដ្ឋរងគ្រោះដោយទឹជំនន់ ២៥០គ្រួសារ នៅស្រុកបវេល ទទួលអំណោយ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងសហការី និងសប្បុរសជន បានបន្តអញ្ជីញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សជូនដល់គ្រួសារងគ្រោះ ចំនួន២៥០គ្រួសារ មកពីភូមិចំនួន១៥ ក្នុងឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមប្រធាគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនប្រជាពេលរដ្ឋគ្រប់រូប ដែលកំពុងរងគ្រោះដោយគ្រោះធម្មជាតិ ដោយមិនប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានា ពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍ ការចំណាក់ស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា ទី២បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ហើយសូមឱ្យប្រជាពលរដ្ឋចូលរួមអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេលបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅទីជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ និងទី៣ សូមទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នាចាប់ពីដូសទី១ ដល់ដូសទី៣ឬដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ១៩ ។
ឯកឧត្តមប្រធានបន្តថា អំណោយមនុស្សធម៌ដែលនាំមកជូននាពេលនេះ គឺ អាចជួយសម្រាលទុក្ខលំបាករបស់ បងប្អូនបានមួយរយៈ ហើយនេះក៏ជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែនៅជាមួយលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋយើងជានិច្ចទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌បានផ្ដល់ជូននាពេលនេះក្នុង០១គ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម, មី១កេស ,ទឹកបរិសុទ្ធ ១កេស, មុង១ , ភួយ១ , សារុង១ – ក្រមា១ , ត្រីខ១យួរ – ទឹកត្រី១យួរ -ទឹកស៊ីអ៉ីវ១យួរ -និងសំពត់តង់១ផងដែរ ៕
ដោយ ៖ សាលី