Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងប៉ោយប៉ែត បន្តជម្លៀសពលរដ្ឋពីជំនន់ទឹកអូរព្រំដែន ទៅកាន់ទីទួលសុវត្ថិភាព ស្របពេលស្រុកមង្គលបូរី ប្រកាសអាសន្នពីកំរិតទឹក

បន្ទាយមានជ័យ ៖ ខណៈដែលពលរដ្ឋ ចំនួន១២១គ្រួសារ ក្នុងចំណោមជាង២០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកអូរព្រំដែន ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត បន្តហក់ឡើងរហូតដល់ថ្ងៃទី២ ខែតុលានេះ ត្រូវបានបន្តជម្លៀសពលរដ្ឋ មកទីទួលសុវត្ថិភាព ស្រាបតែខាងស្រុកមង្គលបូរី បានប្រកាសអាសន្នអោយពលរដ្ឋប្រុងជើងការខ្ពស់ ព្រោះកំរិតទឹកបានឡើងដល់ចំនុចប្រកាសអាសន្ន ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា មកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ ទឹកជំនន់បានជន់លិចលំនៅដ្ឋាន ប្រជាពលរដ្ឋ ក្នុងភូមិប៉ោយប៉ែត និងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សរុបចំនួនខ្នងផ្ទះ ជាង២០០ ក្នុងនោះពលរដ្ឋ ចំនួន១២១គ្រួសារ ហើយត្រូវបាន ជម្លៀសមកទីទួលសុវត្ថិភាព និងនៅប្រមាណជា មួយរយគ្រួសារទៀត គាត់មិនបានជន្លៀសមកទីទួលសុវត្ថិភាពនោះទេ ដោយសារផ្ទះគាត់ខ្ពស់ ហើយមានឥវ៉ាន់ច្រើន ។

លោកបន្តថា ដើម្បីចូលរួមចំណែក ជួយរំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លោកបានដឹកនាំក្រុមការងារ និងកងកម្លាំងនគរបាល នាំយកសម្ភារៈ ស្បៀងអាហារជូនទៅសល់ពួកគាត់ មិនថានៅតាមផ្ទះដែលកំពុងលិច ឬនៅទីទួលសុវត្ថភាពទេ ដែលអំណោយទាំងនោះ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋដោយមិនទុកអោយពលរដ្ឋណាម្នាក់មិនទទួលបានស្បៀងឡើយ ។

លោក គាត ហ៊ិល បានអោយដឹងទៀតថា ស្ថានភាពទឹកជំនន់តាមអូរព្រំដែននៅតែបន្តឡើងម្តងមួយតឹករហូតមកដល់ពេលនេះ កន្លែងខ្លះទឹកឡើងជាងមួយម៉ែត្រ កន្លែងខ្លះមានជម្រៅជាងកន្លះម៉ែត្រ បើទឹកនៅតែបន្តឡើង យើងនឹងជម្លៀសពលរដ្ឋមកទីទួលសុវត្ថិភាពបន្ថែមទៀត ។ និយាយរួម អាជ្ញារធរបានតាមដានស្ថានភាពទឹកជាប្រចាំ និងបានត្រៀមកម្លាំងជួយពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង មកកាន់ទីទួលសុវត្ថិភាព ។

ដោយឡែកចំពោះស្រុកថ្មពួក ដែលជាស្រុកនៅជាប់ព្រំដែនថៃ ហើយត្រូវទឹកជំនន់ពីប្រទេសថៃ បានជនលិចនៅពេលថ្មីៗនេះដែរ លោក អែម សុខា អភិបាលស្រុថ្មពួក បានអោយដឹងថា មកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ លោកបានតាមដានស្ថានភាពទឹកជំនន់ជាប់ជាប្រចាំ ជាពិសេសទឹកពីរប្រទេសថៃ តែចំពោះស្ថានភាពទឹក មិនទាន់មានស្ថានភាពធ្ងន់ធ្ងរនៅឡើយទេ ហើយផលប៉ះពាល់ក៏មិនទាន់ធ្ងន់ធ្ងរដែរ ដោយមានតែពីបីគ្រួសារទេ ដែលនៅទីទំនាប់ត្រូវបានទឹកលិចក្រោមផ្ទះ ហើយក្រុមការងារបានសម្របសម្រួលនាំយកអំណោយ ជូនពួកគាត់ ។ និយាយរួមពេលនេះ ទឹកបានស្រកបណ្តើរៗវិញហើយ ។

ចំណែកស្រុកមង្គលបូរីវិញនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ អភិបាលស្រុកមង្គលបូរីលោក រត្ន័ ដាស៊ីណង់ បានប្រកាសឱ្យពលរដ្ឋដែលរស់នៅក្នុងស្រុកនេះ ពិសេសអ្នករស់នៅតាមបណ្តោយនៃស្ទឹងមង្គលបូរី សូមប្រុងជើងការ ឱ្យបានខ្ពស់បំផុត ព្រោះទឹកស្ទឹងបានឡើងដល់កម្រិតប្រកាសអាសន្នហើយ ។ ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក សូមអំពាវនាវ អោយបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសកូនក្មេងតូចៗ មនុស្សចាស់ អ្នកពិការភាព ដើម្បីត្រៀមលក្ខណៈគ្រប់គ្រាន់ សម្ភារៈសង្រ្គោះ ដូចជាទូក កាណូត អាវពោង និងរកទីទួលសុវត្ថិភាពជាដើម ៕