ទឹកអូរព្រំដែនកម្ពុជាថៃ កំពុងហក់ឡើងខ្លាំង បណ្តាលឲ្យជន់លិច លំនៅដ្ឋានប្រជាពលរដ្ឋ ជាង១០០គ្រួសារ ក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ត្រឹមរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នេះ ទឹកជំនន់អូរព្រំដែនកម្ពុជាថៃ បានហក់ឡើងខ្លាំងជាបន្តបន្ទាប់ ធ្វើឲ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ ជាង១០០គ្រួសារ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងត្រូវជន្លៀសពលរដ្ឋមកទីទួលសុវត្ថិភាព ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា មកទល់ពេលនេះ ទឹកជំនន់បានជន់លិចលំនៅដ្ឋាន ប្រជាពលរដ្ឋ ក្នុងភូមិប៉ោយប៉ែត និងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបចំនួន១៤០គ្រួសារ ក្នុងនោះពលរដ្ឋចំនួន៧៧គ្រួសារ ត្រូវបាន ជន្លៀសមកទីទួលសុវត្ថិភាព និង៦៣គ្រួសារទៀតគាត់មិនបានជន្លៀសមកទីទួលសុវត្ថិភាពនោះទេ ។

លោកបន្តថា ដើម្បីចូលរួមចំណែកជួយរំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លោកបានដឹកនាំក្រុមការងារ និងកងកម្លាំងនគរបាល នាំយកសម្ភារៈ ស្បៀងអាហារមួយចំនួន ដែលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋ កំពុងរងគ្រោះដោយសារទឹកជំនន់នេះ ដល់ខ្នងផ្ទះតែម្តង ៕

CATEGORIES
Share This