បើករថយន្តង៉ក់មួយភាំងបណ្តាលអោយរ៉េចង្កូតធ្លាក់ផ្លូវក្រឡាប់ចាក់ស្វាយពេញប្រឡាយទឹក

ខេត្តបាត់ដំបង! រថយន្តដឹកទំនិញធុនធ្ងន់មួយគ្រឿងខណៈដែលតៃកុងងងុយដេកមួយភាំងបានរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ចាក់ស្វាយពេញប្រឡាយទឹកតែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង ០៥និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI)ពណ៌ស ពាក់ផ្លាកលេខ ពោធិ៍សាត់ 3A -1811 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បានដឹកស្វាយកែវល្មៀតពេញតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីកើតទៅលិច គោលបំណងដើម្បីយកទៅលក់អោយឈ្មួញនៅប្រទេសថៃ លុះមកដល់ចំណុចកើតហេតុខាងលើតៃកុងងងុយដេកមួយភាំងបានរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ចាក់ស្វាយអណ្តែតពេញប្រឡាយទឹកតែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញមិនបានចុះមកវាស់វែងធ្វើកំណត់ហេតុនោះទេ ដោយសាររថយន្តក្រឡាប់ដោយខ្លួនឯង មិនធ្វើអោយប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ និងមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្ស ទើបម្ចាស់ហៅរថយន្តមកសាងអីវ៉ាន់ និងស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯងវិញ។

CATEGORIES
Share This