ខេត្តបាត់ដំបងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌជាង៦លានដុល្លា

ខេត្តបាត់ដំបង! តាមរយៈកំណើនទេសចរក្នុងអំឡុង នៃពិធីបុណ្យភ្ជុំបិណ្ឌនៅឆ្នាំ២០២២នេះ ខេត្តបាត់ដំបងបានស្រូបយកប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង៦លានដុល្លា នេះបើយោងតាមទូរលេខដែលលោក អ៊ុច អ៊ុភីនីសារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថាតាមរយ:កំណើនភ្ញៀវទេសចរណ៍សម្រាប់ខេត្តបាត់ដំបងក្នុងទូរលេខច្រើននាំមុខគេបើធៀបទៅនឹងបណ្តាខេត្តដទៃក្នុងព្រះរាជាណាចក្រកម្ពុជា និងស្រូបយកប្រាក់ចំណូលពីវិស័យទេសចរណ៍បានរហូតចំនួន ៦,៥២១,៥៧៨ដុល្លាអាមេរិក ដោយក្នុងនោះប្រាក់ចំណូលបានពីភ្ញៀវទេសចរណ៍ជាតិចំនួន ៦,៤៩៨,៤៨៨ដុល្លា និងចំណូលពីភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន ២៣,០៩០ ដុល្លាអាមេរិក។

ហើយចំនួនសាច់ប្រាក់ចំណូលដែលខេត្តបាត់ដំបងទទួលបាននេះគណនាលើសេវាផ្សេងៗជាច្រើននៅតាមទីតាំងផ្តល់សេវាលក់ដូរ អាហារដ្ឋាន កន្លែងស្នាក់នៅ នានាទូទាំងខេត្ត ដោយក្នុងនោះភ្ញៀវជាតិចូលមកស្នាក់នៅក្នុងមូលដ្ឋានខេត្តខ្ទង់ចំណាយក្នុងម្នាក់ចន្លោះចាប់ពី៣០ ទៅ ៣៧ដុល្លាក្នុងមួយថ្ងៃ ដោយឡែកចំណូលទាញពីភ្ញៀវទេសចរណ៍អន្តរជាតិភាគច្រើនជាភ្ញៀវផ្ទៃក្នុង(មានស្រាប់នៅក្នុងស្រុក) បានចំណាយក្នុងម្នាក់ចំនួន ៧០ដុល្លាអាមេរិកក្នុងមួយថ្ងៃ ចំណែកឯភ្ញៀវបរទេស ២០% ដែលចូលមកលេងហើយវិលវិញល្ងាចចំណាយ ៤៥ដុល្លាក្នុងម្នាក់។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបន្តទៀតថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ  រយ:ពេល ៣ថ្ងៃ ឆ្នាំ ២០២២ ខេត្តបាត់ដំបងបានទទួលភ្ញៀវចូលមកលេងកម្សាន្តសរុបមានចំនួន ២១០,១២២នាក់ កើនឡើង ៤៥៧ % ធៀបនឹងឆ្នាំ ២០២១ មានចំនួនតែ ៣៧,៧២៤នាក់ប៉ុណ្ណោះ។

CATEGORIES
Share This