អាជ្ញាធរស្រុកភ្នំព្រឹកចុះអន្តរាគមន៍នាំយកពលរដ្ឋជាច្រើនគ្រួសារទៅកាន់ទីទួលមានសុវត្ថិភាព

ខេត្តបាត់ដំបង! ក្រោយមានភ្លៀងធ្លាក់រាយប៉ាយជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើអោយតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងមានការជន់លិចប៉ះពាល់ដល់ផលដំណាំ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនខ្សែផងដែរ។

ជាក់ស្តែងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ នៅក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក ចំណុចវាលចំការ១០០ ចំណុចអូរធំ ចំណុចក្រោយសាលារៀន ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជំនន់ទឹកភ្លៀងបានជន់លិចផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្លូវថ្នល់ និងដំណាំជាច្រើកហិចតា។

លោក សុង សុភ័ក្រ្ត អភិបាលស្រុកភ្នំព្រឹក បានបញ្ជាក់ឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក នៅមិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ ព្រោះនៅព្រឹកនេះទឹកបានស្រកថយបន្តិចវិញហើយ ប៉ុន្តែនៅក្នុងចំណុចឃុំបួរ ទឹកបានយាយីដល់ដំណាំផ្សេងៗ និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងអូរព្រំដែនត្រឹមចំនួន១០គ្រួសារប៉ុណ្ណោះដែលកម្លាំងរបស់គណ:បញ្ជាការឯកភាពស្រុកកំពុងអន្តរាគមន៍ជួយសង្គ្រោះ និងនាំយកទៅកាន់ទីទួលមានសុវត្ថិភាព។

ចំណែកលោក សុខ ដែន អភិបាលស្រុកកំរៀង បានលើកឡើងដែរថា៖ សម្រាប់មូលដ្ឋានស្រុកកំរៀងមកទល់ម៉ោងនេះនៅមិនទាន់មានទឹកជំនន់ច្រើនគួរឲ្យគាត់សម្គាល់នាំឲ្យប៉ះពាល់ប្រជាពលរដ្ឋនោះទេ  តែចំពោះមុខនេះលោកកំពុងត្រៀមកម្លាំងចំណុះដើម្បីរងចាំចុះជួយសង្គ្រោះក្នុងករណីទឹកភ្លៀងនៅតែបន្តធ្លាក់នៅថ្ងៃខាងមុខទៀត៕

CATEGORIES
Share This