ពលរដ្ឋឃុំស្ពានស្រែង ស្រុកភ្នំស្រុក រងគ្រោះដោយទឹកជំនន់ចំនួន៤២គ្រួសារទទួលអំណោយពីអភិបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយអាជ្ញាធរ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងយោធា ស្រុកភ្នំស្រុក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានបន្តចុះសាកសួរសុខទុក្ខនិងនាំយកអំណោយចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន៤២គ្រួសារ ក្នុងឃុំស្ពានស្រែង ដែលរងគ្រោះដោយទឹកជំនន់ហូរធ្លាក់ពីខេត្តឧត្តរមានជ័យ។

ជាមួយនឹងការចុះសាកសួរសុខទុក្ខនោះ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តមអ៊ុំ រាត្រី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ដែលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយប្រការផ្សេងៗ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំង ខ្យល់កន្ត្រាក់ជាដើម ។

នៅក្នុងដំណើរចុះសួរសុខទុកនេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយ ចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន៤២គ្រួសារ ដែលជាជនងាយរងគ្រោះ, ជនក្រីក្រ និងស្ត្រីមានផ្ទៃពោះ) ចំនួន៤ភូមិមាន ភូមិពង្រ កណ្តោល គោកចារ និងមុខឈ្នាង ស្ថិតនៅក្នុងឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយក្នុង១គ្រួសារទទួលបាន៖១/-អង្ករ១០គីឡូ,២/-មី១០កញ្ចប់,៣/-ត្រីខ ៥យួរ,៤/-ទឹកស៊ីអ៉ីវ ៣យួរ/-៥.ទឹកត្រី ៣យួរ ។

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុំ រាត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព  និងមានអានម័យឲ្យបានល្អ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រុងប្រយ័ត្នសត្វអសិរពិសផ្សេងៗខាំ ជាងនេះទៀតការពារកូនចៅកុំឲ្យលេងទឹកដោយគ្មានមនុស្សធំនៅក្បែរ ក្រែងមានគ្រោះថ្នាក់ដោយសារលង់ទឹក ៕

CATEGORIES
Share This