តំបន់មួយចំនួន នៃខេត្តបាត់ដំបង នឹងដាក់ជាតំបន់ក្រហម និងផ្សារមួយចំនួនធំ ត្រូវបិទខ្ទប់

291

បាត់ដំបង ៖ ខណៈជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលខ្លាំងក្នុងសហគមន៍ នៅតំបន់មួយចំនួននៃខេត្តបាត់ដំបង អាជ្ញាធរខេត្តនឹងដាក់តំបន់ខ្លះ នៅក្នុងក្រុង/ស្រុកចំនួន០៣ទៀត ជាតំបន់ក្រហម ហើយផ្សារមួយចំនួនធំ នឹងត្រូវបិទខ្ទប់ជាបណ្ដោះអាសន្ន ។

ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានលើកឡើងថា សម្រាប់ទីតាំងទាំង ០៤កន្លែង កំពុងមានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ ក្នុងនោះមាននៅក្រុងបាត់ដំបង ,ស្រុកមោងឫស្សី ,ស្រុកថ្មគោល ,និងស្រុកកំរៀង ក្រៅពីនេះក៏មានតំបន់មួយចំនួនទៀត មិនសូវមានផ្ទុះឆ្លងខ្លាំង ក៏តម្រូវឲ្យអាជ្ញាធរមូលដ្ឋាន ពិនិត្យក្នុងការដាក់ជាតំបន់លឿងទុំ ឬតំបន់លឿង ដោយវិធានការនេះ ត្រូវអនុវត្តរយៈពេល ១៤ថ្ងៃ ។

ឯកឧត្តមបានបន្តថា បើរយៈពេល១៤ថ្ងៃ ហើយនៅតែមានការឆ្លងដដែល នឹងអនុវត្តវិធានការបិទខ្ទប់ជាបណ្ដោះអាសន្ននេះបន្តទៀត ខណៈកន្លងមកអាជ្ញាធរខេត្ត ធ្លាប់បានបិទខ្ទប់ចំនួន ៤៦៧ទីតាំង និងបានបើកដំណើរការឡើងវិញចំនួន ២៩៤ទីតាំង ក្នុងនោះក៏មានផ្សារនៅក្នុងក្រុងនិងតាមបណ្ដាស្រុកមួយចំនួនផងដែរ ។

ក្នុងកិច្ចប្រជុំបន្ទាន់នៃការរៀបចំអនុវត្តវិធានការបិទខ្ទប់ខេត្ត នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា ការបិទខ្ទប់ផ្សារនេះ សម្រាប់ផ្សារក្នុងក្រុងបាត់ដំបងនឹងបិទទាំងអស់ ហើយតាមបណ្ដាស្រុកមួយចំនួនទៀត ក៏ត្រូវបិទ ប៉ុន្តែអាជ្ញាធរក្រុងនិងស្រុក ត្រូវរៀបចំទីតាំងសមស្របណាមួយ ក្នុងការឲ្យអាជីវករលក់ដូរបន្លែត្រីសាច់ ដែលជាតម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋ តែត្រូវអនុវត្តនូវវិធានការសុខាភិបាល មានការរក្សាគម្លាត ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងមានការបាញ់អាកុល ឬជែលជាដើម ។

ជាមួយគ្នានេះ អភិបាលខេត្តបាត់ដំបង បានជំរុញទៅអាជ្ញាធរមូលដ្ឋាន និងមន្ត្រីនៃមន្ទីរទេសចរណ៍ ត្រូវចុះពិនិត្យរឹតបន្តឹងតាមអាហារដ្ឋាន ឬកន្លែងលក់គ្រឿងបរិភោគនៅពេលយប់ ត្រូវតែអនុវត្តបម្រាមគោចរ របស់រាជរដ្ឋាភិបាល ចាប់ពីម៉ោង០៩យប់ រហូតដល់ម៉ោង០៣ព្រឹក មិនត្រូវមានការធ្វើដំណើរបម្លាស់ទី លើកលែងករណីចាំបាច់មួយចំនួន និងពិនិត្យមើលការជួបជុំគ្នាសេពគ្រឿងស្រវឹង ត្រូវធ្វើការហាមឃាត់ដាច់ខាត រួមទាំងនាំខ្លួនអ្នកល្មើសមកអនុវត្តច្បាប់ ។

ខេត្តបាត់ដំបង គឺជាខេត្តមួយ ក្នុងចំណោមខេត្តចំនួន០៨ ត្រូវអនុវត្តវិធានការបិទខ្ទប់ជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទបម្លែងថ្មី (Delta) ។

គួរបញ្ជាក់ថា ចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្រាប់ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺមួយនេះ ចំនួន៣០៤១នាក់ ត្រូវបានព្យាបាលជាសះស្បើយ ចំនួន១៨១៩នាក់ ករណីស្លាប់ ចំនួន៣៧នាក់ និងកំពុងសម្រាកព្យាបាល ចំនួន១១៨៥នាក់ ៕

ដោយ ៖ សាលី

ចំណែក