គ្រួសារប្រជាពលរដ្ឋ ជនចាស់ជរាមានជីវភាពក្រីក្រ ចំនួន ២៤គ្រួសារ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មគោល

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក ជា សម្បត្តិ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មគោល និងសហការីបាន ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារប្រជាពលរដ្ឋ ជនចាស់ជរាគ្មានទីពឹង មានជីវភាពក្រីក្រ ចំនួន ២៤គ្រួសារ មកពីភូមិ អូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលជួបការលំបាក ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។

លោកប្រធាន ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តបង្កើនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្នុងនោះសូមអោយជៀសផុតពីជំងឺកូវីដ-១៩ រៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ដូស និងបានគ្រប់ៗគ្នា។

សម្ភារៈផ្តល់ជូន ១គ្រួសារ ទទួលបាន៖អង្ករ២៥គីឡូ,មី១កេស និង ថវិកា ចំនួន ១ម៉ឺន រៀលផងដែរ ។

CATEGORIES
Share This