សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២១​

53

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តមឧកញ៉ាបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានអញ្ចើញជាគណអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅសាលប្រជុំសាខាខេត្ត ដែលមានការអញ្ចើញចូលរួមពីគណៈកម្មាធិការសាខាខេត្ត មន្ត្រីក្រុមប្រតិបត្តិសាខា សរុបអ្នកចូលរួមចំនួន ១៨នាក់។

របៀបវារៈនៃកិច្ចប្រជុំ៖
១.របាយការណ៍លទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ និងរបាយការណ៍ហិរញ្ញវត្ថុសាខា – ចំណូលថវិកា ៨ឧសភា ឆ្នាំ ២០២១
២. ផែនការសកម្មភាពការងារប្រចាំឆមាសទី២ ឆ្នាំ២០២១ ៣.មតិចូលរួមរបស់សមាជិក សមាជិកា គណៈកម្មាធិការសាខា និងសមាជិក សមាជិកា នៃកិច្ចប្រជុំ
៥.បញ្ហាផ្សេងៗ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧកញ៉ាបណ្ឌិត ប៊ុត គឹមស៊ាន បានមានមតិបូកសរុបក្នុងរយៈពេល ១ឆមាសនេះ គណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិអនុសាខា មានការខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការដោះស្រាយបញ្ហានានាដល់ជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា ពិសេសការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ។

ជាមួយគ្នានេះឯកឧត្តមក៍សូមថ្លែងអំណរគុណដល់លោកជំទាវ ឯកឧត្តម ក្រុមប្រតិបត្តិសាខា និងសប្បុរសជននានា ដែលបានខិតខំគៀងគរមូលនិធិដើម្បីអបអរខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា ឆ្នាំ២០២១ ដើម្បីសាខាមានលទ្ធភាពឆ្លើយតបដល់ជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយបានទាន់ពេលវេលា ។

បន្ថែមពីនេះ ឯកឧត្តមក៍បានសំណូមពរដល់សាខា មន្រ្តីប្រតិបត្តិសាខា និងអនុសាខាត្រូវសហការជាមួយអាជ្ញាធរក្នុងការចុះពិនិត្យពីជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះនៅតាមសហគមន៍ដើម្បីឆ្លើយតបឲ្យបានទាន់ពេល ។

ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខា បានផ្តាំផ្ញើអោយសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខា ត្រូវបន្តពួតដៃគ្នាដើម្បីធ្វើការងារមនុស្សធម៌នេះជាបន្តទៀត ដើម្បីជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ជួបទុក្ខលំបាក និងដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាយើងនេះផងដែរ និងសូមអោយក្រុមការងារបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការការពារជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ២ចូលរួម ។

ដោយ៖សាលី

ចំណែក