មានការកើនឡើងសម្រាប់ពលរដ្ឋក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរីរងផលប៉ះពាល់ដោយទឺកជំនន់ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព

បន្ទាយមានជ័យ៖ មានការកើនឡើងសម្រាប់ពលរដ្ឋរស់នៅតាមមាត់ស្ទឺងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរីរងផលប៉ះពាល់ដោយទឺកជំនន់ហើយជន្លៀសទៅទួលសុវត្ថិភាពគិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះ ស្របពេលស្ថានភាពទឹកស្ទឹងបានស្រកពីខ្សែទឹកខាងលើស្រុងចុះមកក្រោម ដោយមិនមានការហក់ឡើងថ្មីគួរអោយកត់សម្គាល់នោះទេ ។

លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានអោយអ្នកសារព័ត៍មានដឹងថា ស្ថានភាពគ្រោះទឹកជំនន់  នៅតាមស្ទឹងសិរីសោភ័ណបានកើតឡើងលើ៣សង្កាត់ គឺសង្កាត់ភ្នៀត សង្កាត់អូរអំបិល និងសង្កាត់ព្រះពន្លា ដែលពលរដ្ឋសរុបប៉ះពាល់២៥៧គ្រួសារ ក្នុងនោះត្រូវជន្លៀសពីផ្ទះនៅមាត់ស្ទឹងនិងទីទំនាបទៅទីទួលសុវត្ថិភាពចំនួន ៣៥គ្រួសារ មកពីភូមិខ្លះនៃសង្កាត់ព្រះពន្លាចំនួន១៩គ្រួសារ និងភូមិខ្លះនៃសង្កាត់អូរអំបិលចំនួន១៦គ្រួសារ ។

លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីក៍បានអោយដឹងដែរថា ស្ថានភាពគ្រោះទឹកជំនន់ ស្ទឹងមង្គលបូរីបានកើតឡើងលើផ្នែកនៃភូមិព្រែកជីក ឃុំបត់ត្រង់ ដែលពលរដ្ឋប៉ះពាល់មួយចំនួន ក្នុងនោះត្រូវជន្លៀសពីផ្ទះនៅមាត់ស្ទឹង និងទីទំនាបទៅទីទួលសុវត្ថិភាពចំនួន៣៩គ្រួសារ ។

ចំពោះទីជម្រកនៅទីទួលសុវត្ថិភាព ទាំងពីរស្រុក-ក្រុងខាងលើដោយមានចង្អុរណែនាំ និងដឹកនាំពីលោកអ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ រៀបចំរោង តង់ ភ្ជាប់បណ្តាញអគ្គីសនី ទឹកស្អាត បង្គន់ សេវាសុខាភិបាល ថ្នាំសង្កូវ សេវាសន្តិសុខ ផ្តល់ស្បៀងអាហារហើយក្រុមហ៊ុនផលិតទឹកស្អាតក្នុងខេត្ត បានតបណ្តាញ និងបំពាក់ស៊ីទែន ធុងទឹកស្អាតសម្រាប់ផ្គត់ផ្គង់ជូនបងប្អូននៅទីទួលសុវត្ថិភាពបានទាន់ពេលវេលា និងសមរម្យ។

ដោយឡែកនៅស្រុកភ្នំស្រុកវិញទឹកជំនន់ក៏បានជន់លិចហើយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានជូនដំណឹងចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្នយានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ ២៦៨A ចាប់ពីព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ចំពោះមុខមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកភ្នំស្រុកនឹងដាក់គ្រឿងចក្រកាយបើកមុខទឹកដើម្បីដោះស្រាយការជន់លិចផ្លូវនេះ ។

CATEGORIES
Share This