​សមាគម​អ្នក​ចិញ្ចឹម​សត្វកម្ពុជា ៖ ២ឆ្នាំចុងក្រោយនេះ យើង​បញ្ចូល​ទីផ្សារសាច់ជ្រូកមានកំណើន​គួរ​ឲ្យកត់សម្គាល់​ និង​រក្សាស្ថេរភាព​តម្លៃ​ជ្រូក​រស់​ជូន​អ្នក​ចិញ្ចឹមក្នុងស្រុក និងអ្នកទទួល​ទានសាច់ជ្រូកបានល្អ

26

ភ្នំពេញ ៖ បើតាមលោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា ​បានលើកឡើងថា ចន្លោះឆ្នាំ២០១៨-២០១៩ យើងបញ្ចូលទីផ្សារសាច់ជ្រូកទូទាំងប្រទេស​មួយថ្ងៃ​បានត្រឹម​៤០០០ ទៅ​៤៥០០ក្បាល​នោះទេ រហូតមកដល់ឆ្នាំ​២០២០-២០២១យើងអាចបញ្ចូលទីផ្សាររហូតដល់​ជាង៧០០០ក្បាល ដូច្នេះកំណើតនេះ កើនគួរ​ឲ្យកត់សម្គាល់ណាស់។

តាមការសង្កេតរបស់សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ឃើញថា ប្រទេសកម្ពុជាទទួលប្រាក់​ចំណេញ​រាប់រយលានដុល្លារ បន្ទាប់ពីមានការគ្រប់គ្រងការនាំចូលជ្រូករស់បានល្អ របស់​ក្រសួង​កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ​ដោយបានធ្វើឲ្យមានតុល្យភាពគ្នារវាងតម្រូវការ និង ការ​ផ្តត់ផ្គង់ ជាពិសេសបានរក្សាស្ថេរភាពតម្លៃជ្រូករស់ជូនអ្នកចិញ្ចឹមក្នុងស្រុក និង អ្នក​ទទួល​ទាន​សាច់​ជ្រូកបានល្អ។

នៅ២ឆ្នាំចុងក្រោយនេះ ល្បឿននៃផលិតកម្មក្នុងស្រុកបានកើនឡើង​ខ្ពស់ដោយកសិដ្ឋានខ្នាត​ពាណិជ្ជកម្ម និងរោងចក្រផលិតចំណីសត្វបានបន្ត​ពង្រីកជាបន្តបន្ទាប់ និងបានបង្កើតការងារផ្ទាល់​រាប់ពាន់កន្លែងជូនប្រជាពលរដ្ឋយើង និង បានស្រូបយកកសិផល​រាប់ម៉ឺនតោន​ ដើម្បីបំលែង​ធ្វើ​ចំណីសត្វដូចជា ពោត ចុងអង្ករ ដំឡូងមី កន្ទុក ។ល។ ជាពិសេសទៀតវិស័យចិញ្ចឹមជ្រូកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងអាចប្រកួតប្រជែងជាមួយប្រទេសនានាក្នុងតំបន់នាពេលខាងមុខផងដែរ ។

យោងតាមអនុសាសន៌ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី កន្លងមក បានជំរុញលើកទឹកចិត្តឲ្យកសិករ និងក្រុមហ៊ុនក្នុងស្រុក បង្កើនការដាំដុះ ចិញ្ចឹមសត្វ និង ត្រី បង្កើនផលិតភាពក្នុងវិស័យកសិកម្ម ដើម្បីបំពេញតម្រូវការក្នុងស្រុក និងឈានដល់ការនាំចេញ​ថែមទៀត​នាពេលខាងមុខ លើសពីនេះ សម្តេចបានផ្តួចផ្តើមនូវកញ្ចប់ថវិកាចំនួន៥០លានដុល្លារ (ហាសិបលានដុល្លារអាមេរិក) ដែលមានការប្រាក់ទាបតាមរយៈធនាគារកសិកម្ម និង អភិវឌ្ឍន៍ជនបទជួយដល់វិស័យកសិកម្មចិញ្ចឹមសត្វ។

បើតាមលោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា ​បានលើកឡើងថា ចន្លោះឆ្នាំ២០១៨-២០១៩ យើងបញ្ចូលទីផ្សារសាច់ជ្រូកទូទាំងប្រទេស​មួយថ្ងៃ​បានត្រឹម​៤០០០ ទៅ​៤៥០០ក្បាល​នោះទេ រហូតមកដល់ឆ្នាំ​២០២០-២០២១យើងអាចបញ្ចូលទីផ្សាររហូតដល់​ជាង៧០០០ក្បាល ដូច្នេះកំណើតនេះ កើនគួរ​ឲ្យកត់សម្គាល់ណាស់ ។

សូម​អានលិខិត​ទាំងស្រុង​ដូចខាងក្រោម ៖

ចំណែក