បុរសម្នាក់ស្លាប់ នៅលើម៉ូតូកង់បី នៅពេលដឹកទៅរកគ្រូខ្មែរព្យាបាល

40

បាត់ដំបង ៖ បុរសអ្នករត់ម៉ូតូកង់បីម្នាក់ បានស្លាប់នៅលើម៉ូតូរបស់ខ្លួន នៅពេលដែលមិត្តភ័កិ្តរួមអាជីប ដឹកទៅរកគ្រូខ្មែរដើម្បីព្យាបាលរោគ ជនសង្ស័យស្លាប់ដោយសារជំងឺប្រចាំកាយ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ កើតឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២១ ត្រង់ចំណុចមុខមន្ទីររពេទ្យបង្អែកខេត្ត ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ ផន ចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបររត់ផាសអាប រស់នៅបណ្តោះអាសន្ននៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

បើតាមសាក្សីដែលស្និតជាមួយជនរងគ្រោះ បានបញ្ជាក់ថា ជនរងគ្រោះខាងលើគាត់មានជំងឺប្រចាំកាយច្រើនមុខដូចជា ក្រិនថ្លើម និងជំងឺទឹកនោមផ្អែមជាដើម ដោយសារសភាពជំងឺធ្វើទុក្ខខ្លាំងនៅថ្ងៃកើតហេតុ ថ្ងៃទី២០ ខែកក្កដា ម្សិលមិញ គាត់បានពឹងពាក់ខ្លួនឲ្យជូនទៅរកគ្រូខ្មែរ នៅឯស្រុកសំឡូត ដើម្បីព្យាបាលរោគ ដោយខ្លួនជាអ្នកបើកម៉ូតូ រីឯជនរងគ្រោះអង្គុយផង និងដេកផងនៅផ្នែកខាងក្រោយ លុះដល់ពាក់កណ្តាលផ្លូវ ចំណុចវាលចម្បាំងគាត់បាននិយាយសាកសួរទៅរកអ្នកជំងឺ តែគាត់មិនស្តីតប ស្ងាត់មាត់ឈឹងលែងឆ្លងឆ្លើយ រហូតគាត់មិនអស់ចិត្តក៏ឈប់ម៉ូតូកង់បី ដើម្បីសួរនាំពីអាការរោគម្តងទៀត ទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ប្រភពខាងលើបានប្រាប់បន្ថែមថា ក្រោយពេលដែលខ្លួនបានដឹងថាជនរងគ្រោះស្លាប់ ខ្លួនក៏បានបើកផាសអាប វិលត្រឡប់បកក្រោយមកខេត្តវិញ ទាំងមិនបានដឹងថា ជនរងគ្រោះមានទីលំនៅ នៅឯណា ហើយក៏សម្រេចចិត្តដឹកសាកសពមកទុកនៅចំណតម៉ូតូរបស់គាត់ នៅមុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នៅព្រលប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ហើយទុកចោលរហូតដល់ព្រឹកឡើងថ្ងៃទី២១ ទើបមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរជិតខាង មកមើលតែម្តង ។

ក្រោយពេលដែលសមត្ថកិច្ចជំនាញចុះទៅដល់ពិនិត្យកោសល្យវិច័យរួច ក៏បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺប្រចាំកាយកម្រិតធ្ងន់ធ្ងរ បន្ទាប់មកបានប្រគល់សាកសពទៅឲ្យសាច់ញាតិ យកទៅធ្វើកិច្ចតាមបែបសាសនា និងបូជានៅវត្តបច្ឆា  ស្ថិតក្នុងក្រុងបាត់ដំបងតែម្តង ៕

ដោយ ៖ សាលី

ចំណែក