ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ ៣០គ្រួសារ ទទួលអំណោយពី ក្រុមការងារក្រឡាហោមមនុស្សធម៌បាត់ដំបង

48

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារក្រឡាហោមមនុស្សធម៌បាត់ដំបង បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ផ្តល់ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមខ្នងផ្ទះក្នុងតំបន់បិទខ្ទប់ ចំនួន៣០គ្រួសារ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ការនាំអំណោយនេះ មានការអញ្ចើញចូលរួមពីឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង  ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ឯកឧត្ដម អ៊ុត ក្លឹង ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់វត្តគរ និងលោក មៀច សុផល តំណាងឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង ។

ក្នុងឱកាសនេះ ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង ពិសេស សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋ បើទោះបីជាសម្តេចមិនបានចុះមកផ្ទាល់ ប៉ុន្តែសម្ដេចតែងបាន ចាត់តំណាងក្រុមការងារចុះអន្តរាគមន៍ ផ្តល់ជំនួយសង្គ្រោះបឋម ដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូន ដែលកំពុងរស់នៅតាមខ្នងផ្ទះបិទខ្ទប់ ដោយសារវិបត្តិជំងឺកូវីដ១៩នេះ ។

ឯកឧត្តមានប្រសាសន៍ទៀតថា ក្នុងចន្លោះពេលដែលក្រុមគ្រួសារយើង ជួបបញ្ហាពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩ ហើយត្រូវបានធ្វើចត្តាឡីស័កនេះ គឺ យើងមានការខូចខាតនូវការហូបចុកប្រចាំថ្ងៃ ដូច្នេះទើបឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង លោកបានចាត់ក្រុមការងារនាំយកនូវគ្រឿងឧបភោគ បរិភោគ មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋយើង ដល់ខ្នងផ្ទះដែលកំពុងបិទខ្ទប់ ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន ។ ហើយការងារនេះដែរធ្វើទៅបានអាស្រ័យទៅលើអាជ្ញាធរភូមិ សង្កាត់ដែលបានសហការគ្នាស្វះស្វែងយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានរាយការណ៍បន្តមកថ្នាក់លើ ដើម្បីនាំយកអំណោយមកចែកជូនបានទាន់ពេលវេលា ហើយបើទោះបីជាអំណោយនេះមិនមានច្រើនក៏ពិតមែន ប៉ុន្តែវាអាចដោះស្រាយជីវភាពរបស់បងប្អូនបានមួយរយពេលផងដែរ ស្របពេលដែលបងប្អូនមិនអាចចេញទៅខាងក្រៅប្រកបរបរទទួលទានបាន។

បន្ថែមពីនេះឯកឧត្តម អ្នកតំណាងសាស្ត្របាត់ដំបង ក៏បានសំណូមពរដល់បងប្អូនដែលកំពុងរស់នៅធ្វើចត្តាឡីស័កតាមផ្ទះនេះ ត្រូវចូលរួមបន្តអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ជាពិសេស ត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល ៣ការពារ ៣កុំ ដោយត្រូវពាក់ម៉ាស់ និងធ្វើអនាម័យជាប្រចាំ ហើយបើសិនជាយើងមានអាការៈប្រែប្រួលប្លែកត្រង់ណាមួយ យើងត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកថ្នាំលេបព្យាបាលទប់ស្កាត់ជំងឺជាមុន។

គួរបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោគ ដែលត្រូវយកមកចែកជូនដល់បងប្អូនរស់នៅតាមខ្នងផ្ទះបិទខ្ទប់ ចំនួន៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ០១ការ៉ុង, ទឹកត្រី ទឹកស៊ីអ៊ីវ ០១យួរ, ទឹកសុទ្ធ ០២យួរ, មី០១កេស,  និងត្រីខកំប៉ុង ០១យួរផងដែរ ៕

ដោយ ៖ សាលី

ចំណែក