ឯកឧត្តម អ៊ុំ រាត្រី ៖ សូមបងប្អូនប្រជាពលរដ្ឋ ជៀសវាងឱ្យបានដាច់ខាត នូវការព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះដោយខ្លួនឯង

101

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការអំពាវនាវ ដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជៀសវាងឱ្យបានដាច់ខាត នូវការព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះដោយខ្លួនឯង ដែលអាចបង្កឲ្យមានហានិភ័យខ្ពស់ ដល់ក្រុមគ្រួសារ ឬសាច់ញាតិ និងឈានទៅដល់គ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។

ការអំពាវនាវដូច្នេះ តាមរយៈសេចក្តីជូនដំណឹងលេខ៖ ៣៧៤/២១ សជណ. ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ស្តីពី ការធ្វើតេស្តរហ័ស ស្រាវជ្រាវរកវីរុសកូវិដ-១៩ និងការមកទទួលសេវាពិនិត្យព្យាបាលជំងឺនៅតាមមន្ទីពេទ្យខេត្ត ក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ។

ក្នុងសេចក្តីជូនដំណឹងនេះ បានជូនដំណឹង និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នូវខ្លឹមសារសំខាន់ ៦ចំណុចដូចខាងក្រោម ៖

១.ក្នុងករណីមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ សូមផ្ដល់ព័ត៌មានមកមន្ត្រីសុខាភិបាល ឬអាជ្ញាធរមូលដ្ឋានដែលនៅជិត ដើម្បីទទួលបានព័ត៌មាន និងសូមប្រញាប់មកធ្វើតេស្តរហ័ស នៅតាមមន្ទីរពេទ្យខេត្តក្រុងស្រុក របស់រដ្ឋ និងទីតាំងយកសំណាក ដែលអាជ្ញាធរមូលដ្ឋានបានកំណត់ដោយឥតគិតថ្លៃ ។

២.ករណីដែលបងប្អូនប្រជាពលរដ្ឋ ទិញតេស្តរហ័ស ដើម្បីពិនិត្យជំងឺកូវី-១៩ ដោយខ្លួនឯង ត្រូវបង្ហាញលទ្ធផលវិជ្ជមានដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ និងមន្ត្រីសុខាភិបាលដែលនៅជិតបំផុតដើម្បីស្វែងរកសេវាព្យាបាលទាន់ពេលវេលា និងដោះស្រាយនូវវិបត្តិផ្លូវចិត្តប្រកបដោយប្រសិទ្ធភាព ។

៣.ក្នុងករណីមានរោគសញ្ញាសង្ស័យដូចជា  ក្តៅខ្លួន ឈឺក ហៀសំបោរ ក្អក ពិបាកដកដង្ហើម ត្រូវទៅពិគ្រោះព្យាបាលជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្ត និងក្រុង ស្រុក ជៀសវាងការអូសបន្លាយរយៈពេលយូរ ដែលអាចបង្កឱ្យមានសភាពជំងឺកាន់តែធ្ងន់ធ្ងរ នាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងចៀសវាងការព្យាបាលនៅផ្ទះ និងការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា ។

៤.ត្រូវជៀសវាងឱ្យបានដាច់ខាត នូវការព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះដោយខ្លួនឯង ដែលអាចបង្កឲ្យមានហានិភ័យខ្ពស់ ដល់ក្រុមគ្រួសារ ឬសាច់ញាតិ និងឈានទៅដល់គ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ។

៥.គ្រប់មន្ទីរអង្គភាព សហគ្រាស ផ្នែកវិស័យឯកជន និងប្រជាពលរដ្ឋដែលបានទិញតែរហ័ស ពិនិត្យអង់ទីហ្សែនកូវីដ-១៩ ចាំបាច់ទៅរាយការណ៍អំពីចំនួនលទ្ធផលធ្វើតេស្តអវិជ្ជមាន និងវិជ្ជមាន ជូនដល់អាជ្ញាធរដែនដី ឬមន្ត្រីសុខាភិបាលដែលនៅជិតបំផុត ឬប្រធានមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមកលោកវេជ្ជបណ្ឌិត រឿន សុធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត លេខទូរសព្ទ ៖ 012 724 042 ដើម្បីទទួលបានការផ្ដល់ប្រឹក្សា អំពីបច្ចេកទេសនៃការធ្វើតេស្តរហ័ស ការទទួលបាននូវសេវាព្យាបាល ទាន់ពេលវេលា និងកិច្ចសហប្រតិបត្តិការគ្រប់គ្រងទិន្នន័យអោយបានល្អប្រសើរ ។

៦.សូមគ្រប់មន្ទីរអង្គភាព សហគ្រាស ផ្នែកវិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួន ជារោទិ៍ ការពួកម៉ាក ការរក្សាគម្លាត ការលាងសម្អាតដៃ ឬបាញ់អាកុល ដើម្បីចូលរួមបង្កើតទប់ស្កាត់ ការរីករាលដាលវីរុសកូវីដ-១៩ ។

ទទួលបានសេចក្តីជូនដំណឹង និងការអំពាវនាវនេះ រដ្ឋបាលខេត្តបន្ទាយមាជ័យ មានជំនឿយ៉ាងម៉ុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិតជាចូលរួមអនុវត្ត និងសហការជាមួយរដ្ឋបាលខេត្ត ក្នុងការថែរក្សា សុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍ ក្នុងការបង្កា និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ៕

ចំណែក