Connect with us

សន្តិសុខ និង សង្គម

រកឃើញពលករខ្មែរ១៨នាក់ ក្នុងចំណោមពលករជាង៤០០នាក់ ដែលថៃបញ្ជូនមកកម្ពុជាវិជ្ជមានកូវីដ-១៩

បាត់ដំបង ៖ ពលករខ្មែរប្រុសស្រី ចំនួន១៨នាក់ ក្នុងចំណោមពលករ ៤០១នាក់ ដែលថៃបញ្ជូនមកកម្ពុជាវិញ តាមច្រកព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ត្រូវបានក្រុមគ្រូពេទ្យតេស្ត រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ។

សមត្ថកិច្ច បានអោយដឹងថា ក្នុងចំណោមពលករខ្មែរ ចំនួន៤០១នាក់ ក្នុងនោះពលករ ចំនួន២៨៣នាក់ ស្រី១០៧នាក់ និងក្មេង៤៤នាក់ ត្រូវបានភាគីថៃបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង និងពលករខ្មែរ ចំនួន១១៨នាក់ ស្រី៣១នាក់ និងក្មេង១៤នាក់ ត្រូវបានភាគីថៃបញ្ជូនមកតាមច្រកគីឡូ១៣ ស្ថិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន នៃខេត្តបាត់ដំបង ។

ប្រភពបន្តថា ពលករខ្មែរ ចំនួន២៨៣នាក់  ស្រី១០៧នាក់ និងក្មេង៤៤នាក់ ដែលភាគីថៃបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស ជាលទ្ធផលរកឃើញវិជ្ជមានកូវីដ-១៩  ចំនួន១២នាក់ ។ ដោយឡែកពលករ ចំនួន១០១នាក់ ស្រី៣៤នាក់ និងក្មេង១១នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ហើយពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន១៧០នាក់ ស្រី៧១នាក់ និងក្មេង៣០នាក់ ក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ។

ចំណែកពលករ ចំនួន១១៨នាក់ ស្រី៣១នាក់ និងក្មេង១៤នាក់ ដែលភាគីថៃបញ្ជូនមកតាមច្រកគីឡូ១៣ ស្ថិតក្នុងស្រុកសំពៅលូន រកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៦នាក់ ។ ចំពោះពលករចំនួន៦២នាក់ មានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ ក្រោយការណែនាំអប់រំអនុញ្ញាតិឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ប៉ុន្តែចំពោះពលករដែលផ្ទុកជំងឺកូវីដ-១៩ រួមទាំងពលករដែល មានប័ណ្ណចាក់វ៉ាក់សាំងដែរតែមិនមានទិន្នន័យ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅកាន់មណ្ឌល ដើម្បីព្យាបាល និងធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល ៕

ដោយ ៖ សាលី