ពលរដ្ឋជាង១០គ្រួសារ ស្នើអោយអាជ្ញាធរ ជួយដោះស្រាយបើកផ្លូវទំហំ ៣ម៉ែត្រ ក្រោយបុគ្គលឈ្មោះ ឈឿន រដ្ឋា រំលោភយកធ្វើលំនៅដ្ឋាន

30

បាត់ដំបង ៖ ប្រជាពលរដ្ឋប្រមាណជាង ១០គ្រួសារ រស់នៅក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានលើកគ្នាស្នើដល់អាជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ជួយដោះស្រាយ និងអន្តរាគមន៍បើកផ្លូវរដ្ឋទំហំ ៣ម៉ែត្រ ដែលពួកគាត់ អាស្រ័យផលឆ្លងកាត់ ដឹកកសិផលតាំងពីជំនាន់ខ្មែរក្រហមមក តែត្រូវបានបុគ្គលឈ្មោះ ឈឿន រដ្ឋា រំលោភយកជាកម្មសិទ្ធិ  និងបានសាងសង់លំនៅដ្ឋានរឹងមាំ បិទយកស្ទើរទាំងស្រុង  ។

ប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់ទាំងអស់គ្នា មានការមិនពេញចិត្តចំពោះបុគ្គលឈ្មោះ ឈឿន រដ្ឋា ដែលបានមកចាក់ដីលុបលើប្រឡាយ និងផ្លូវរបស់រដ្ឋ  និងបានសាងសង់លំនៅដ្ឋានរឹងមាំ បិទស្ទើរទាំងស្រុង ដែលមិនអាចធ្វើដំណើរបាន នៅចំណុចខាងមុខផ្សារព្រែកតាច្រែង ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង រហូតកើតមានទំនាស់ប្ដឹងផ្ដល់គ្នា ជាច្រើនលើកច្រើនសារ ប៉ុន្តែមិនមានការត្រូវរ៉ូវគ្នាទេ ដោយសារភាគីខាងពលរដ្ឋ ទាមទារសុំបើកផ្លូវទំហំ ៣ម៉ែត្រ ខណៈដែលផ្លូវចាស់មានទំហំ ៤ម៉ែត្រ ប៉ុន្តែភាគីខាងម្ចាស់ផ្ទះ ដែលសាងសង់រំលោភយកផ្លូវ ព្រមទុកអោយត្រឹមតែ ០២ម៉ែត្រ ។

ប្រជាពលរដ្ឋបន្តថា រយៈពេលកន្លងមក ក្រោយមិនមានការត្រូវរ៉ូវគ្នា អាជ្ញាធរស្រុកឯកភ្នំ ដែលមានលោក ម៉ិល សុផល ជាអភិបាលស្រុក ក៏បានចេញលិខិតផ្អាកការសាងសង់ជាបណ្តោះអាសន្នជូនទៅលោក ឈឿន រដ្ឋា ដែលជាម្ចាស់សំណង់រឹងមាំខាងលើ ដោយបានហាមក្នុងពេលផ្អាកការសាងសង់នេះ ម្ចាស់សំណង់មិនត្រូវធ្វើសកម្មភាពអ្វីទាំងអស់ នៅលើទីតាំងនេះ ដោយត្រូវរងចាំសម្រុះសម្រួល និងដោះស្រាយជាមុនសិន ប៉ុន្តែម្ចាស់សំណង់ខាងលើ នៅតែបន្តលួចធ្វើជាបន្តបន្ទាប់ដដែល ដោយមិនខ្លាចញញើតអំពីផ្លូវច្បាប់អ្វីបន្តិចទាល់តែសោះ។

ជុំវិញករណីខាងលើនេះដែរ លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានអោយដឹងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះថា រឿងហ្នឹងលោកបានដោះស្រាយហើយ ប៉ុន្តែមិនមានការត្រូវរ៉ូវគ្នា ខាងលោកក៏បាន បញ្ជូនអោយទៅចាំដោះស្រាយគ្នានៅខេត្ត ព្រោះនៅស្រុកធ្វើការសម្របសម្រួលគ្រប់នីតិវិធីអស់ហើយ នៅតែមិនទទួលបានការស្រុះស្រួលគ្នា អញ្ចឹងទើបលោកបញ្ជូនរឿងនេះទៅខេត្ត  ដោយឡែកចំពោះបុគ្គលម្ចាស់សំណង់នៅតែបន្តធ្វើ ប្រហែលជាគាត់លួចធ្វើនៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ហ្នឹងឯង ព្រោះប្រជាពលរដ្ឋបានខលមកលោកដែរ តែលោកអោយជំនាញទៅវាប៉ះចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យ អញ្ចឹងវាពិបាកដែរ ប៉ុន្តែបញ្ហាទំនាស់នេះលោកបានកំណត់រួចអស់ហើយ និងបានបញ្ជូនកិច្ចការងារនេះទៅខេត្ត ដើម្បីដោះស្រាយបន្ត ។

បើទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅតែទទូច សូមអោយអាជ្ញាធរជួយដោះស្រាយ អន្តរាគមន៍រុះរើសំណង់លំនៅដ្ឋានខាងលើនេះចេញ ដោយសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា អាជ្ញាធរពិតជាដោះស្រាយ តាមផ្លូវច្បាប់ និងយុត្តិធម៌ជូនពួកគាត់ ដើម្បីបានផ្លូវធ្វើដំណើរឆ្លងកាត់ ស្របពេលដែលផ្លូវខាងមាត់ស្ទឹង កំពុងបាក់ស្រុតស្ទើរតែមិនអាចធ្វើដំណើរបាន ៕

ដោយ ៖ សាលី​

ចំណែក