ក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង នាំយកទៀនព្រះវស្សា និងទ័យទាន ប្រគេនដល់ព្រះសង្ឃចំនួន ៣៣វត្ត នៅស្រុកបវេល

41

បាត់ដំបង ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារក្រឡាហោមមនុស្សធម៌បាត់ដំបង បាននាំយកទៀនព្រះវស្សា និងទ័យទាន ប្រគេនដល់ព្រះសង្ឃចំនួន ៣៣វត្ត នៅស្រុកបវេល ខេត្តបាត់ដំបង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាអនុប្រធានក្រុមការងារចុះជួយស្រុកបវេល និងឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមក្រឡាហោមនុស្សធម៌ ជាច្រើននាក់ទៀតផងដែរ ។

ក្នុងពិធីនេះឯកឧត្តម ខាន់ ម៉ាណេ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចក្រឡាហោម ស ខេង ជាច្រើនចំណុចប្រគេនដល់ព្រះសង្ឃ គ្រប់អង្គពាក់ព័ន្ធនឹងការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩  ពិសេសសូមអោយព្រះសង្ឃចូលរួមទប់ស្កាត់ និងផ្សព្វផ្សាយបន្ថែមពីការឆ្លងរាតត្បាតនៃជម្ងឺកូវីដ-១៩ និងបញ្ហាគ្រឿងញៀនផងដែរ ។

បន្ទាប់ពីបានប្រគេនទៀនព្រះវស្សា និងទេយ្យទាន ជូនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តក្នុងស្រុកបវេល ទាំង៣៣វត្តរួចមក ឯកឧត្តម និងក្រុមការងារ បានមានសទ្ធាបន្តការងារទៅប្រគេនអាកុលសម្លាប់មេរោគ និងសម្ភារៈ របស់របរផ្សេងទៀតមួយចំនួន ជូនចំពោះព្រះសង្ឃគង់នៅវត្តខ្នាចរមាសផងដែរ ។

គួរបញ្ជាក់ថា សម្ភារៈដែលក្រុមការងារក្រឡាហោមមនុស្សធម៌ នាំយកប្រគេនជូនដល់ព្រះសង្ឃចំនួន ៣៣វត្ត នៅស្រុកបវេលនាថ្ងៃនេះ ក្រៅតែពីទៀនព្រះវស្សា ក្នុងនោះមានទ័យទានជាច្រើនរួមមាន ៖ អង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ប៊ីចេង, ស្ករស, ទឹកក្រូច, ទឹកសុទ្ធ, ម៉ាស  និងអាល់កុល ៕

ដោយ ៖ សាលី

ចំណែក