រយពេល៣ថ្ងៃ សមត្ថកិច្ចកខេត្តតាកែវ បង្ក្រាបល្បែងអនឡាញខុសច្បាប់ចំនួន៨៦៩ទីតាំង

តាកែវ៖ បន្ទាប់ពីមានបទបញ្ជាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យ បង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់នោះ អាជ្ញាធរខេត្ត កំពុងសស្រាក់សស្រាំអនុវត្ត​តាម​បទបញ្ជានេះ ដោយខេត្តខ្លះបានប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងរាប់រយកន្លែង ដែលមាន​ក្នុង​មូលដ្ឋាន​ខេត្តរបស់ខ្លួន។

ជាក់ស្ដែងសម្រាប់ខេត្តតាកែវ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ ​សមត្ថកិច្ចនៅក្នុងខេត្តតាកែវ​ បាន​ធ្វើការ​ចុះណែនាំ និងបង្រ្កាបទីតាំងល្បែងអនឡាញខុសច្បាប់ផ្សេងៗទៀត​ បានចំនួន ៨៦៩ទីតាំង។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងប្រាប់ទូរទស្សន៍BTV ថា ក្រោយពីទទួល​បាន​បទបញ្ជា​ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ​ហ៊ុន សែន ឱ្យ​បង្រ្កាបល្បែងស៊ីសងខុសច្បាប់​ជាពិសេស​ល្បែងអនឡាញ ឯកឧត្តមបានបញ្ជាទៅដល់លោកស្នងការនគបាលខេត្ត លោកមេបញ្ជា​ការកងរាជអាវុធហត្ថ និងមេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តជាពិសេស​អភិបាលក្រុង​ស្រុកទាំង ១០នៅក្នុងខេត្តតាកែវ ​ត្រូវធ្វើសកម្មភាពជាបន្ទាន់ដោយចុះទៅអប់រំណែនាំ​នឹងបញ្ឈប់​ទីតាំងល្បែង​ខុសច្បាប់នានា​នៅក្នុងមូលដ្ឋានរបស់ខ្លួនអោយអស់។ បើកករណីនៅតែ​រឹងរូស​បើក​ដំណើរការល្បែងខុសច្បាប់ បន្តទៀតគឺត្រូវតែបង្រ្កាបតែម្ដង។

ជាលទ្ធផលក្នុងរយៈពេល៣ថ្ងៃនេះ យើង​បានចុះអប់រំណែនាំ​ និងបង្រ្កាបទីតាំងល្បែង​អនឡាញ​និងល្បែងខុសច្បាប់​ដទៃទៀត​បានចំនួន ៨៦៩ទីតាំងនៅទូទាំងខេត្តតាកែវ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា អភិបាលក្រុងស្រុកទាំង១០ត្រូវមានការទទួលខុសត្រូវ​ចំពោះ​មុខ​អភិបាលខេត្តជាពិសេសចំពោះមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់​នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវធ្វើការបង្រ្កាប​អោយ​ដូច​ភ្លៀង​រលឹម៕

CATEGORIES
Share This