Connect with us

ព័ត៌មានជាតិ

របរចិញ្ចឹមឃ្មុំយកទឹក របស់អ្នកស្រុករតនៈមណ្ឌល កំពុងប្រឈមបញ្ហាឃ្មុំងាប់

បាត់ដំបង ៖ លោក ឈុន ខែម ប្រជាកសិកររស់នៅភូមិសង្ហារ ឃុំស្តៅ ស្រុករតន:មណ្ឌល បានប្រាប់ឲ្យដឹងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២២នេះថា បច្ចុប្បន្នលោក ជាមួយនិងកូន កំពុងបន្តលើមុខរបរចិញ្ចឹមសត្វឃ្មុំ យកទឹក ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក  តែពេលនេះ ត្រូវជួបប្រឈមបញ្ហាឃ្មុំងាប់ច្រើន ធ្វើឲ្យទិន្នផលថយចុះ ។

លោកបន្តថា បទពិសោធន៍ ក្នុងមុខរបរចិញ្ចឹមឃ្មុំរយ:ពេលបីឆ្នាំ កន្លងមកនេះ បានធ្វើឲ្យលោក និងកូនមានលទ្ធភាពពង្រីកមេឃ្មុំចិញ្ចឹមកើនឡើងជាបន្តបន្ទាប់ ផ្តើមពីមេឃ្មុំ ចំនួន១០ធុង កើនឡើងរហូតដល់ ចំនួន១០០ធុង តែឥឡូវនេះដែរក៏កំពុងជួបនូវផលប៉ះពាល់ សត្វឃ្មុំងាប់ច្រើនខ្លាំងណាស់ ដោយសារតែគេបាញ់ថ្នាំពុលសម្លាប់សត្វល្អិត នៅតាមដំណាំតាង៉ែន ឳឡឹក ឬដំណាំដាំយកផ្កាផ្សេងៗ ដែលគេដាំដុះនៅក្បែរទីតាំងចិញ្ចឹមឃ្មុំក្នុងរង្វង់ពី ១ ទៅ២គីឡូម៉ែត្រ ។

ការពង្រីកធុងចិញ្ចឹមមេសត្វឃ្មុំ កើនឡើងនេះខុសពីពូជសត្វដ៏ទៃ ដោយអ្នកចិញ្ចឹមឃ្មុំត្រូវចេះពិនិត្យមើល និងស្គាល់ស្តេចឃ្មុំ ទើបគេចាប់ស្តេចឃ្មុំនោះបំបែកទៅដាក់ក្នុងធុងមួយផ្សេងទៀតទើបកូនចៅ និងបរិវារសត្វឃ្មុំហើរទៅតាមស្តេចឃ្មុំ ដោយយើងអនុវត្តរបៀបខាងលើនេះ ទៅតាមចំនួនជាក់ស្តែងនៃធុងផ្ទុកសត្វឃ្មុំនីមួយៗ ហើយរវាងទឹកឃ្មុំចិញ្ចឹម និងទឹកឃ្មុំដែលរស់នៅតាមដើមឈើបែបធម្មជាតិ មានគុណភាពប្រហាក់ប្រហែលគ្នា គ្រាន់តែថាមេឃ្មុំដែលរស់នៅតាមដើមឈើ មានលទ្ធភាពប៉ឺតផ្កា បានច្រើនមុខជាងឃ្មុំចិញ្ចឹមព្រោះវាហើរបានឆ្ងាយជាង ។

លោក ឈុន ខែម បានលើកឡើងទៀតថា សត្វឃ្មុំផ្តល់ផលច្រើន ឬតិចអាស្រ័យទៅលើរដូវ បើរដូវដើមគរ ឬដើមកៅស៊ូចេញផ្កា គឺ ទទួលបានផលច្រើន ដែលក្នុងរយ:ពេល ១៥ថ្ងៃ ឃ្មុំ ១០០ធុង ( សម្បុក ) ហុចផលទឹកឃ្មុំបានប្រមាណជា ១៥០លីត្រ រីឯតម្លៃបោះដុំលក់បាន ១០ដុល្លាក្នុង ០១គីឡូក្រាម ៕

ដោយ ៖ សាលី