ត្រឹមរយៈពេល២ថ្ងៃ សមត្ថកិច្ចខេត្តរតនគិរីចុះបង្ក្រាបល្បែងស៊ីសងបាន៩ទីតាំង

ខេត្តរតនគិរី៖ កម្លាំងជំនាញនៃអធិការដ្ឋានក្រុងបានលុងបានធ្វើកិច្ចសន្យាអប់រំណែនាំដល់ម្ចាស់ផ្ទះ និងម្ចាស់អាជីវកម្ម ឆ្នោតឡូតូ អេឡិចត្រូនិច ជល់មាន់ អនឡាញ និងភ្នាល់បាល់អនឡាញបាន ចំនួន៩ទីតាំង ក្នុងនោះទីតាំងភ្នាល់អនឡាញ ចំនួន២ទីតាំង និងធ្វើកិច្ចសន្យាអប់រំឱ្យបញ្ឃប់។

ចំណាត់ការខាងលើ ធ្វើឡើងក្នុងប្រតិបត្តិការចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់នៅសង្កាត់បឹងកន្សែងនិងសង្កាត់ឡាបានសៀក នៃក្រុងបានលុង ដែលប្រតិបត្តិការចុះបង្រ្កាបធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ដល់១៨ ខែកញ្ញា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ញារបស់សម្តេចតេជោ ហ៊ុនសែន រដ្ឋបាលខេត្តរតនគិរី បានដាក់បទបញ្ញាដល់រដ្ឋបាលក្រុង ស្រុកទាំង៩និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចុះធ្វើប្រតិបត្តិការទប់ស្កាត់និងបង្រ្កាប ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តរតនគិរី ដោយចាប់ពីពេលនេះតទៅ។ បើមូលដ្ឋានណាបណ្តែតបណ្តាយឱ្យមានល្បែងស៊ីសងខុសច្បាប់ មូលដ្ឋាននោះជាអ្នកទទួលខុសត្រូវ ពោលគឺប្រឈមនឹងការដកហូតមុខតំណែងតែម្ដង៕

CATEGORIES
Share This