បុរសជនជាតិថៃម្នាក់​ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សា

បន្ទាយមានជ័យ​ ៖​ ជនសង្ស័យជាជនជាតិថៃម្នាក់ ត្រូវបានកម្លាំង​អាវុធហត្ថក្រុងប៉ោយប៉ែត​ បង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងបញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ ។

លោករវសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឲ្យដឹងថា​ នៅវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ មានករណីហិង្សា បានកើតឡើងបង្កឡើងដោយជនសង្ស័យឈ្មោះ Nattapon Noocnaca(ណាតាផុន ណួកនាខា) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ឆៃយ៉ាភព ផភឿក ភេទប្រុស អាយុ២៥ឆ្នាំ បណ្តាលអោយរងរបួស ។

ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការឃាត់ខ្លួនជនសង្ស័យ មកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ប្រើកាំបិតចុងស្រួច ដងជ័រពណ៌ខ្មៅ ចាក់ ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសពិតប្រាកដមែន​ ៕

CATEGORIES
Share This