ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងឯកឧត្តម កើត ឆែ អញ្ជើញបញ្ចុះបឋមសិលា សាងសង់អគារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ឯកឧត្តម កើត ឆែ អភិបាលរងតំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល ។

អគារដែលត្រូវបាន បញ្ចុះបឋមសិលាខាងលើ មានកម្ពស់៣ជាន់ មានទទឹង១៥,៥ម៉ែត្រ និងបណ្តោយ ១៧,១ម៉ែត្រ ជាអគាររបស់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល ដែលមានទីតាំង ស្ថិតក្នុងបុរីសង្ឃឹមថ្មី ភូមិតានូន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ត្រី ឈៀង ចាន់ថុល មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល បានលើកឡើងថា ដោយសារតែខណ្ឌកំបូល ជាខណ្ឌដែលទើបតែបង្កើតឡើងក្រោយគេ ក្នុងឆ្នាំ២០១៩ ជាហេតុធ្វើឲ្យទីតាំងរដ្ឋបាលទាំងអស់ ត្រូវការសាងសង់ថ្មី ដើម្បីបំពេញសេចក្តីត្រូវការជាចាំបាច់ ក្នុងនោះក៏មាន មូលដ្ឋានអាវុធហត្ថ ខណ្ឌកំបូលផងដែរ ដែលមានតម្រូវការសាងសង់ ។ តែដោយក្នុងរយៈកាលកន្លងមក ពុំទាន់មានទីតាំងសមរម្យ និងមិនទាន់មានកញ្ចប់ថវិកា សម្រាប់សាងសង់ បានធ្វើឲ្យមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានត្រឹមជួលផ្ទះល្វែង នៅក្នុងបុរីសង្ឃឹមថ្មី ដើម្បីធ្វើជាទីតាំងធ្វើការបណ្តោះអាសន្ន ។

លោកបន្តថា ដោយមានការជ្រោមជ្រែង ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ឯកឧត្តម ឃួង ស្រេង ព្រមទាំង ឯកឧត្តម កើត ឆែ បានធ្វើឲ្យមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល មានឱកាសបញ្ចុះបឋមសិលាសាងសង់អគារមូលដ្ឋាន លើទីតាំងផ្ទាល់របស់ខ្លួន ដែលទទួលបានពីសាលារាជធានីភ្នំពេញ ទុកសម្រាប់ប្រើប្រាស់ ក្នុងការបំពេញការងាររដ្ឋបាល ក៏ដូចជាបម្រើប្រជាពលរដ្ឋទូទៅនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕

CATEGORIES
Share This