លោកជំទាវ បាន ស្រីមុំ ដឹកនាំមន្ត្រីរាជការ និងក្រុមការងារយុវជន ស.ស.យ.ក.ខេត្តចុះរៀបចំ រមណីយ៍ដ្ឋានទឹកធ្លាក់ភ្នំខៀវ

ខេត្តប៉ៃលិន ៖នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រប៉ៃលិន បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត(ស.ស.យ.ក.)ចុះរៀបចំ និងកែលម្អសោភ័ណ្ឌភាពនៅរមណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ទឹកធ្លាក់ភ្នំខៀវ) ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងឱកាសបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ។

សារសំខាន់ «ទឹកធ្លាក់ភ្នំខៀវ» ប៉ៃលិនមានទឹកធ្លាក់ថ្លាឆ្វង់ ហូរកាត់ផ្ទាំងថ្ម ជាច្រើនដំណាក់ ជាមួយសម្រស់ធម្មជាតិនៅអមទឹកហូរ គឺជាភាពទាក់ទាញរបស់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ឬគេស្គាល់ថារមណីយដ្ឋានទឹកធ្លាក់អូតាវ៉ៅ។

បើតាមលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណះអភិបាលខេត្តប៉ៃលិនបានបញ្ជាក់ថារមណីយ៍ដ្ឋាន មួយនេះជារមណីយ៍ដ្ឋានដែលទទួលបានភ្ញៀវទេសចរច្រើនជាងក្នុងខេត្តប៉ៃលិន។

ស្ថិតក្នុងសង្កាត់អូរតាវ៉ៅ មានចម្ងាយ ៥គីឡូម៉ែត្រ ពីក្រុងប៉ៃលិន រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ជាតំបន់ទេសចរណ៍មួយក្នុងខេត្តបៃលិនដែលមានភ្ញៀវទេសចរទៅកម្សាន្តមិនចេះដាច់។ សម្រាប់ថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យវិញរមណីយដ្ឋានមួយនេះអាចទទួលបានទេសចរប្រមាណ២-៣ពាន់នាក់ក្នុងមួយថ្ងៃ។

លោកជំទាវបានលើកឡើងពីមូលហេតុដែលតំបន់ទេសចរណ៍មួយនេះមានភាពល្បីល្បាញជាងតំបន់ទេសចរណ៍ដទៃក្នុងខេត្តបៃលិនដូច្នេះថា៖«រមណីយដ្ឋាននេះមានទឹកធ្លាក់ត្រជាក់ ដែលទេសចរអាចងូតលេងបាន ហើយមានធម្មជាតិស្អាត នៅតាមជួរភ្នំ។ ទីនេះក៏មានខ្យុសសម្រាប់ទេសចរអាចអង្គុយលេង និងបរិភោគអាហារបាន»។ ជាពិសេសមានទឹកធ្លាក់កម្ពស់រហូតដល់១៥ម៉ែត្រ និងអាចអំណោយផលក្នុងការទៅកម្សាន្តទាំងរដូវប្រាំង និងរដូវវស្សា។ ទេសចរក៏អាចដើរលេងតាមព្រៃនៅតាមជើងភ្នំបានផងដែរ។

ក្រៅពីសក្តានុពលធម្មជាតិយ៉ាងសម្បូរបែបទាំងនេះ រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ថែមទាំងនៅជិតក្រុងប៉ៃលិន ដូច្នេះទោះរមណីយដ្ឋានមួយនេះមិនទាន់មានកន្លែងស្នាក់នៅ តែទេសចរអាចស្នាក់នៅ ក្នុងក្រុងប៉ៃលិន និងដើរកម្សាន្តនៅក្នុងក្រុងដែលមានភ្លើងចម្រុះពណ៌មួយនេះទៀតផង។

ក្រៅពីរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ខេត្តប៉ៃលិនក៏មានតំបន់ទេសចរណ៍ដែលទាក់ទាញមួយចំនួនទៀតដូចជា រមណីដ្ឋានកែច្នៃរហាត់ទឹក, រមណីយដ្ឋានទឹកធ្លាក់ចម្ការខ្នុរ, រមណីយដ្ឋានទំនប់ទឹកភ្នំជីងចក់ និងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត៕

CATEGORIES
Share This