Connect with us

ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា ផ្តល់គន្លឹះ​៤​យ៉ាង​ជាអត្ថប្រយោជន៍​ ដល់មេបញ្ជាការ​រាជអាវុធហត្ថ​ដែល់ប្រកាសចូលកាន់មុខតំណែងថ្ងៃនេះ

ប៉ៃលិន​ ៖​ នៅព្រឹក​ថ្ងៃទី​ ១៦​ ខែកញ្ញា​ ឆ្នាំ២០២២​នេះ​ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់នូវបទបញ្ជាចំនួន៣ចំនុចសំខាន់ៗ សម្រាប់មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន​ដែលទើបប្រកាសចូលកាន់មុខដំណែងហើយថ្មីៗនេះ ទី១. ត្រូវធ្វើអោយពលរដ្ឋ និងភ្ញៀវទេសចរណ៍ស្រលាញ់កងរាជអាវុធហត្ថខេត្តប៉ៃលិនទាំងមូល ទី២. សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ទី៣. ត្រូវអនុវត្តន៍ការងារទៅតាមឋានានុក្រម។

ពិធីប្រកាស​មុខតំណែង​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្ត​ប៉ៃលិន​ នាពេលនេះ​ មានការចូលរួម​ ពី​ឯកឧត្ដម​ ជា​ ចាន់ឌិន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ លោក​ហុក​ សុផល​ អភិបាលរងខេត្ត​ តំណាងលោក​ជំទាវ​ បាន​ ស្រីមុំ​អភិបាលខេត្តប៉ៃលិន​ ក្រុម​ការងារ​រដ្ឋបាល​ខេត្ត​ កងកម្លាំង​ប្រដាប់​អាវុធ​ មន្ទីរ​ អង្គភាព​ នានាជុំវិញខេត្តផងដែរ។

ឯកឧត្តម​ ​នាយឧត្តម​សេនីយ៍​បានសង្កត់ធ្ងន់ថា រឿងទាំង៣នេះ ទាមទារអោយលោកឧត្តមសេនីយ៍ត្រី​ កែវ​ សុផល ​មេបញ្ជាការ​កង​រាជអាវុធហត្ថខេត្ត​ប៉ៃលិន​ក្រោយចូលកាន់ដំណែងរួចរាល់ ត្រូវធ្វើអោយបាន ហើយការអនុវត្តន៍ការងារទៀតសោត ស្នាដៃមុខមាត់ មិនមែនជារឿងសំខាន់នោះទេ សំខាន់ធ្វើយ៉ាងណាកុំអោយមានបទល្មេីសច្រេីនក្នុងមូលដ្ឋាន
ខេត្ត​ប៉ៃលិន​។

ឯកឧត្តមបន្តថា ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះ ៖ ១- ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន។ ២- រៀបចំធនធានមនុស្សឱ្យស្របនិងសមត្ថភាពជំនាញ និងនិស្ស័យ។ ៣- ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន និងទី៤- ជាការចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យអង្គភាព ស្ថាប័នរីកចម្រើនព្រមៗគ្នា។

លោកឧត្តមសេនីយ៍ត្រី​ កែវ​ សុផល​ បានប្តេជ្ញា​ចិត្តយ៉ាងអង់អាច​ក្នុងការការពារ​សន្តិភាព​ ការពារ​សមិទ្ធផល​របស់គណបក្សប្រជាជន​ ដែលសម្រេចបាននាពេលកន្លងមក។

គួរបញ្ជាក់ថា​ លោកឧត្តមសេនីយ៍ត្រី​កែវ​ សុផល​ អតីតមេបញ្ជាការ​កងរាជអាវុធហត្ថខេត្តកំពត​ ត្រូវបានផ្លាស់ប្តូរមុខតំណែង​មកជា​ មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត​ប៉ៃលិន​ ជំនួស​លោក​ឧត្ដមសេនីយ៍​ត្រី​ វ៉ាន់​ ណាឡុង​ ទៅជាសមាជិកក្រុមស្រាវជ្រាវ​យុទ្ធសាស្រ្ត​យោធា​ ថ្នាក់អគ្គបញ្ជាការដ្ឋាន​ នៃក្រសួងការពារជាតិ​។