ប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមិថុនា ដើម្បីដោះស្រាយបញ្ហនានា និងលើកទិសដៅអនុវត្តបន្ត

51

បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមិថុនា ដើម្បីពិភាក្សា និងដោះស្រាយអំពីបញ្ហាប្រឈមនានា ដែលកើតមានកន្លងមក និងលើកទិសដៅអនុវត្តបន្ត ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំអាគារE សាលាខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាល អភិបាលខេត្តបាត់ដំបង និងដោយមានការអញ្ជើញចូលរួម ពីសំណាក់អស់លោកអភិបាលរងនៃគណៈអភិបាលខេត្ត លោកតំណាងឲ្យមេបញ្ជាការយោធភូមិទី៥ កងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត លោក លោកស្រីអភិបាលនៃគណៈអភិបាលស្រុកទាំង១៤ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងមន្រ្ដីពាក់ព័ន្ធមួយចំនួនចូលរួមផងដែរ ។

ក្នុងឱកាសបើកនូវអង្គប្រជុំនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានមានប្រសាន៍លើកឡើងថា ដោយប៉ុន្មានថ្ងៃចុងក្រោយនេះ អាត្រានៃការឆ្លងសហគមន៍នូវជម្ងឺកូវីដ-១៩ មានការកើនឡើងក្នុងខេត្តបាត់ដំបង ដែលភាគច្រើនមកពីការឆ្លងសហគមន៍ក្នុងព្រឹត្តិការណ៍២០កុម្ភៈតែម្ដង ដែលប្រការនេះធ្វើឲ្យមានការអាក់ខានក្នុងការងារប្រជុំដោយផ្ទាល់អស់ជាច្រើនខែ ដោយភាគច្រើនត្រូវរៀបចំការប្រជុំតាមរយៈប្រព័ន្ធ Video Conference ដែលធ្វើឲ្យការគ្រប់គ្រងរដ្ឋបាលមានការលំបាកជាងមុន ។

ឯកឧត្តមបានបន្តទៀតថា ក្នុងន័យនេះ ទាមទារឲ្យលោក-លោកស្រី ដែលមានវត្តមាននៅក្នុងអង្គប្រជុំទាំងមូលបន្តអនុវត្ត និងចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត ។

បន្ទាប់ពីស្ដាប់របាយការណ៍ក្នុងអង្គប្រជុំរួចមក ឯកឧត្តមអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអនុញ្ញាតិឲ្យប្រធានអង្គភាពនីមួយៗ រាយការណ៍ពីបញ្ហាដែលកើតមានឡើងនាពេលកន្លងមក ដើម្បីប្រជុំពិភាក្សាផងដែរ ៕

ដោយ ៖ សាលី

ចំណែក