សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងបានបន្តពង្រឹង និងពង្រីកកម្លាំងមនុស្សធម៌តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលស្តីពីចំណេះដឹងមូលដ្ឋានការងារស្មគ្រ័ចិត្តនិងវិជ្ជាសង្គ្រោះបឋម ជូនគ្រូទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យសម្តេចឪ ក្រុងបាត់ដំបង
បាត់ដំបង៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ នៅវិទ្យាល័យសម្តេចឪ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានរៀបចំពិធីវគ្គបណ្តុះបណ្តាលមូលដ្ឋានការងារស្មគ្រ័ចិត្តសម្រាប់យុវជនកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម ដែលបានដំណើរការអស់រយៈពេល១ថ្ងៃ ជូនដល់ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជាដែលជ្រើសរើសថ្មី ចំនួន៥០នាក់(ស្រី៣៣នាក់) ក្រោមអធិបតីភាព លោក យ៉ាន ឧត្តម នាយករងសាខា តំណាងលោកនាយកកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោកគ្រូ ដួង ជីវ័ន នាយកវិទ្យាល័យ និងជាប្រធានកិត្តិយស ក្លឹបយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យសម្តេចឪ ក្រុងបាត់ដំបង ។សម្រាប់មេរៀនដែលបានលើកយកមកបង្ហាត់បង្ហាញរួមមាន ៖
១. ប្រវត្តិចលនាបដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
២. គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ
៣. សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤. តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា
៥.វិធីសាស្រ្តផ្សព្វផ្សាយ
៦.វិជ្ជាសង្គ្រោះបឋម ។
មានប្រសាសន៍នាឱកាសបិទវគ្គនោះ ក្នុងនាមឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោកនាយករងសាខា បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា ក្មួយៗយុវជន និងសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលាពេញ១ថ្ងៃ ខិតខំត្រង់ត្រាប់ស្តាប់ការបង្ហាត់បង្ហាញពីគ្រូឧទ្ទេសនាមរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ។ លោកបានបន្តថា ការបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាននេះគឺ ដើម្បីផ្តល់ចំណេះដឹងជាមូលដ្ឋានក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមពេញលក្ខណៈ ជាពិសេសបណ្តុះគំនិតទឹកចិត្ត និងសេចក្តីស្រលាញ់ចំពោះការងារមនុស្សធម៌ដល់ក្មួយៗយុវជនទាំងអស់ដែលជាទំពាំងស្នងប្ញស្សី និងជាអ្នកបន្តវេនសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត ។
មុននឹងប្រកាសបិទវគ្គ លោកនាយករងសាខា សង្ឃឹម និងជឿជាក់ថា ក្មួយៗយុវជនទាំងអស់ នឹងយកចំណេះដឹងនេះទៅផ្សព្វផ្សាយបន្ត ក៏ដូចជាអនុវត្តក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ផ្តល់សេវាកម្មមនុស្សធម៌ សំដៅជួយសម្រាលនូវការលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះ ដោយប្រការផ្សេងៗ ៕