អភិបាលខេត្តព្រះវិហារ ជំរុញអាជ្ញាធរបើកយុទ្ធនាការចុះធ្វើប្លង់ដីជូនពលរដ្ឋតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន

ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ត្រូវ​បើក​យុទ្ធនាការ​ចុះធ្វើប្លង់ដីជូន​ប្រជាពលរដ្ឋ ​តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២២នេះ ​ក្នុង​ឱកាសអញ្ជើញចូលរួម​ប្រកាសចូលកាន់​មុខតំណែង​អភិបាល ​នៃគណៈអភិបាលស្រុកឆែបឯកឧត្តម គីម រិទ្ធី ​អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ មាន​ប្រសាសន៍​បន្ថែមថា ​ដីមានតែ២ទេដីរដ្ឋ​ និងដីរបស់រាស្ដ្រ ​បើដីប្រជាពលរដ្ឋ​សូម​ធ្វើ​ប្លង់ឱ្យ​ពួកគាត់​ទៅ​កុំទុកអូសបន្លាយតទៅទៀត ​ក្នុងន័យនេះ​ក៏​យើងដឹងដែរថា ​ដីក្នុងដែន​បរិស្ថាន​មាន​ដីតំបន់​អភិរក្ស​ស្នូល​ អភិរក្សរបស់សហគមន៍​ និង​មានច្បាប់បរិស្ថានផងដែរ។ ​ការ​ធ្វើប្លង់ដី​ជូន​ប្រជាពលរដ្ឋ ​ក៏មិនចេះតែធ្វើតាមការនឹកឃើញនោះទេ ​ត្រូវ​គិត​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តព្រះវិហារ ​បាន​ជំរុញ​បន្ថែមដល់កងកម្លាំង ប្រធាន​មន្ទីរជំនាញ ​ត្រូវចុះបង្រ្កាបបទល្មើសអាជីកម្មជីករករ៉ែ ​បែប​អានាធិបតេយ្យ(អត់ច្បាប់) ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ ​ចំពោះសហគមន៍ ឫក្រុមហ៊ុនត្រូវណែនាំ​ឱ្យពួកគាត់ទៅ​ធ្វើ​អាជ្ញាប័ណ្ណពីក្រសួងពាក់ព័ន្ធ ​បង់ពន្ធជូនរដ្ឋ ​ដើម្បីបានចំណូលអភិវឌ្ឍន៍មូលដ្ឋានរបស់យើង។

ក្នុងនោះដែរ ឯកឧត្តម ​សូមឱ្យបញ្ចប់នូវវប្បធម៌អន្ដរាគមន៍​ និង​សូមបញ្ចប់ទៅ​នូវអំពើ​អានាធិបតេយ្យ​ក្នុងដែនដីខេត្តព្រះវិហារ នឹងសូមលើកទឹកចិត្តឱ្យធ្វើអាជីវកម្មបែបស្របច្បាប់ បើ​ស្របច្បាប់ខេត្ត​មិនទុកឱ្យលើសពី២៤ម៉ោងនោះទេ ។

ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍ទៀតថា ការតែងតាំងមុខ​តំណែងអភិបាល នៃគណៈអភិបាល​ស្រុកឆែប​នាថ្ងៃនេះ គឺ​ស្រប​​តាមគោលការណ៍ច្បាប់ លិខិត​បទដ្ឋានគតិយុត្ត​ និងជាតម្រូវការចាំបាច់ នៃសំណូម​ពរការងារ ​បំពេញ​មុខតំណែង​នៅទំនេរ ។

ជាមួយគ្នានេះផងដែរឯកឧត្តម គីម រិទ្ធី បានណែនាំដល់ក្រុមប្រឹក្សា គណៈអភិបាលស្រុក ជាពិសេស​លោកអភិបាលស្រុកដែលទើបបានចូលកាន់​មុខតំណែង​ថ្មីនេះ ព្រមទាំងមន្រ្តីរាជការ កងកម្លាំង​ប្រដាប់​អាវុធ និងអាជ្ញាធរមាន​សមត្ថកិច្ចគ្រប់​លំដាប់​ថ្នាក់ត្រូវរក្សាឲ្យ​បាននូវសាមគ្គីភាព​ផ្ទៃក្នុងរួបរួម​សហការគ្នាអនុវត្តការងារជាសំខាន់ៗ

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានចេញអនុក្រឹត្យស្ដីពីការតែងតាំងលោក ឡង់ សុបិន អតីតអភិបាលរងស្រុកត្បែងមានជ័យ ជាអភិបាលស្រុកឆែប ជំនួសលោក សុខ សាន្តតារ៉ា ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះវិហារ ៕

CATEGORIES
Share This