សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ធ្វើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ឆ្នាំ២០២២

ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចង្អុល ដឹកនាំពីលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ពៅ សុខ អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បានដឹកនាំ ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហម និងមានការចូលរួមសហការពីមន្ត្រីនគរបាលចរាចរណ៍ មន្រ្តីនៃមន្ទីរសាធារណៈការ យុវជន ស.ស.យ.ក.ខេត្ត បានធ្វើយុទ្ធនាការ តាមផ្ទះ និងអាជីវករលក់ដូរ ក្នុងផ្សារសាមគ្គីប៉ៃលិន ស្ថិតនៅក្នុងភូមិអូរតាពុកលើ និង ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ប្រភពព័ត៌មានបានឱ្យដឹងថា កម្លាំងបានបែងចែកកម្លាំងជាពីរក្រុម ក្រុមទី១ ដឹកនាំដោយលោកជំទាវ ពៅ សុខ ចុះក្នុងភូមិអូរតាពុកលើ និង ក្រុមទី២ ដឹកនាំដោយ ឯកឧត្តម ឌឹន គឹម ចុះក្នុងភូមិប៉ាហ៊ីត្បូង អ្នកទទួលផលចំនួន១៣៤ខ្នងផ្ទះ និងអាជីវករលក់តាមតូបចំនួន៥៦តូប អ្នកចូលរួមសរុបចំនួន ៣៩៨ នាក់ ស្រី១៧៦នាក់ បិតផ្ទាំងចំណាំងផ្លាត ចំនួន១៣៨ម៉ូតូ និងរទះកង់បី ចំនួន៥៤រទះ ចែកម៉ាស ៣០០បន្ទះ ប័ណ្ណផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន៣០៥ សន្លឹក សៀវភៅច្បាប់ចរាចណ៍ផ្លូវគោក១២៩ក្បាល ដើម្បីឱ្យប្រជាពលរដ្ឋ យល់ដឹងបន្ថែម និងចូលរួមអនុវត្តច្បាប់ស្តីពីចរាចរ ណ៍ផ្លូវគោក ដោយបើកបរមានការប្រុងប្រយ័ត្ន ដូចជាការបើកបរតាមល្បឿនកំណត់ គោរពសិទ្ធិអាទិភាព គោរពភ្លើងសញ្ញាចរាចរណ៍ ពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរមិនប្រើប្រាស់គ្រឿងស្រវឹងជាដើម។ ក្រុមការងារក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូន គោរព អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ដើម្បីភាពសុខដុមរម្យនា ក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើងផងដែរ៕

CATEGORIES
Share This