ជាប់គុក១ឆ្នាំ ព្រោះលួចម៉ូតូ ចេញមកវិញលួចទៀត ត្រូវអាវុធហត្ថ ចាប់ខ្លួនជាថ្មី បានទាំងអ្នកទទួលទិញ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ម្នាក់ជាចោរ ម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការបង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសលួចម៉ូតូ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ខាងលើ មាន ៖ ១-ឈ្មោះ លឹម ធារ៉ា ហៅ បូន រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ធ្លាប់ជាចោរលួចទូរស័ព្ទ លួចម៉ូតូ រហូតជាប់ពន្ធនាគារអស់មួយឆ្នាំ ពេលចេញមកវិញ នៅតែបន្តមុខរបរចាស់ ដោយដើរលួចទៀត ។ ២-ឈ្មោះ ជឿ វ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្ន ភូមិក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានរបរបន្ថែមទទួលទិញទំនិញពីចោរ និងធ្លាប់ទិញម៉ូតូចោរ បានជាង70គ្រឿងមកហើយ ។ ទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ធ្វើការឃាត់ខ្លួននៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងនៅខេត្តកំពង់ឆ្នាំង ។

ករណីនេះ សមត្ថកិច្ចដកហូតបានវត្ថុតាង មួយចំនួន ដូចជា ៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1U-8720 ផលិតឆ្នាំ២០២០, ដែកសម្រាប់កាច់កម៉ូតូចំនួន០១ និងសោរមួលម៉ូតូចំនួន០១ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបាន កម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕

CATEGORIES
Share This