ឯកឧត្តម សុខ លូ ស្នើអោយគណៈបញ្ជាការឯកភាពស្រុកខិតខំរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ

ខេត្តបាត់ដំបង! ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកសង្កែ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានស្នើអោយប្រធានគណៈបញ្ជាការឯកភាពស្រុក ដែលមានមេបញ្ជាការកងរាជអាវុធហត្ថស្រុក អធិការស្រុក យោធាស្រុក ដែលជាកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចូលរួមធ្វើយ៉ាងណាត្រូវខិតខំរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសក្តាប់អោយបាននូវសភាពការណ៍តាមមូលដ្ឋានទប់ស្កាត់អោយទាន់ពេលវេលាកុំអោយមានការញុះញុងព័ត៌មានមិនពិត។

ក្នុងនោះដែរឯកឧត្តមក៏បានក្រើនរំលឹកអំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលកន្លងមករាជរដ្ឋាភិបាលកម្ពុជាយើងបានយកចិត្តទុកដាក់ខ្ពស់អំពីគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង០៧ចំណុច ដោយផ្តោតសំខាន់ទៅលើការខិតខំធ្វើយ៉ាងម៉េចបង្ក្រាបបញ្ហាគ្រឿងញៀន ជាពិសេសបញ្ហាល្បែងស៊ីសង បើកើតមានទីកន្លែងណាគឺត្រូវទទួលខុសត្រូវ ហើយបើមានខ្នងបង្អែកបង្ក្រាបមិនបានសូមរាយការណ៍មកគណៈបញ្ជាការឯកភាពខេត្ត ព្រោះល្បែងស៊ីសងវានាំអោយមានគ្រោះថ្នាក់ដល់សង្គមជាតិយើង។

បន្ថែមពីនេះបទល្មើសនានាដូចជាបទល្មើសនេសាទគ្រប់ប្រភេទបទល្មើសព្រៃលិចទឹកក៏ត្រូវតែបង្ក្រាបមិនអាច បណ្តែតបណ្តោយបានទេ ទាំងបញ្ហាជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារផ្សេងៗផងដែរ ហើយក្នុងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏កើតមានធ្ងន់ធ្ងរណាស់ដែរ។

គួរបញ្ជាក់ផងដែរថា លោក នាង ច័ន្ទថារ៉ា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលស្រុកសង្កែ ជំនួសលោក សុខ ហឿន ដែលត្រូវទៅបម្រើការងារនៅរដ្ឋបាលខេត្តបាត់ដំបង , លោក ប៉ោក រ៉ា ពីអភិបាលរងស្រុកគាស់ក្រឡ ទៅជាអភិបាលរងស្រុកសង្កែ , លោក គ្រឿម រដ្ឋា ពីអភិបាលរងស្រុករុក្ខគីរី ទៅជាអភិបាលរងស្រុកសង្កែ , លោក ហែម សុភ័ក្ត្រ ពីអភិបាលរងស្រុកសង្កែ ទៅជាអភិបាលរងស្រុករុក្ខគីរី , លោក ឌី ពៅ ពីអភិបាលរងស្រុកសង្កែ ទៅជាអភិបាលរងស្រុកគាស់ក្រឡ , លោកស្រី ឌី សាម៉េត ពីអភិបាលរងស្រុករតនមណ្ឌល ទៅជាអភិបាលរងស្រុកសំឡូត។

CATEGORIES
Share This