ស្នងការខេត្តបន្ទាយមានជ័យ ប្រគល់-ទទួល សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ២១៨នាក់

បន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បានធ្វើពិធីប្រគល់-ទទួល សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី១៥ លើកទី២ ដែលចុះកម្មសិក្សា នៅខេត្តបន្ទាយមានជ័យ ។

កម្មសិក្សាការី ជាសិស្សនាយនគរបាល និងនាយនគរបាលរង សរុបមានចំនួន២១៨នាក់ ក្នុងនោះ ស្រី១៥នាក់ ជានគរបាលដែលបានប្រឡងជាប់ក្របខណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២០ បានចាប់ផ្តើមចូលរៀន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ មកពីភូមិភាគ១ ខេត្តស្ទឹងត្រែង  ភូមិភាគ៤ ខេត្តសៀមរាប ភូមិភាគ៦ ខេត្តកំពង់ឆ្នាំង ។ ការចុះកម្មសិក្សានេះ គឺ មានរយៈពេល៦សប្តាហ៍ ដើម្បីគ្រប់លក្ខ័ណ ជាមន្ត្រីនគរបាលជាតិ និងតាំងស៊ុប ដោយចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ។

លោកឧត្តមសេនីយ៍ទោ សាយ រឹទ្ធីសក្កិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានមានប្រសាសន៍ថា ការចុះកម្មសិក្សារបស់ប្អូនៗ ក្មួយៗនាពេលនេះ គឺ ដើម្បីផ្សាភ្ជាប់ការសិក្សាទ្រឹស្ដី ជាមួយនឹង ការអនុវត្តការងារជាក់ស្ដែង និងអនុវត្តតាមកម្មវិធីអប់រំ និងអនុវត្តការងារជាក់ស្តែង នៅតាមអង្គភាពសាមី នីមួយៗ ដើម្បីសិក្សាស្វែងយល់ពីចំណេះជំនាញ របៀបរបធ្វើការងារប្រចាំថ្ងៃ របស់នគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បានមានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើរដល់សិស្សកម្មសិក្សាការី ជានគរបាលទាំងអស់ ត្រូវខិតខំរៀនសូត្រ យកចិត្តទុកដាក់ ចំពោះតួនាទីភារៈកិច្ច ពិសេស ត្រូវយកចំណេះជំនាញ វិជ្ជាជីវ:ទៅប្រើប្រាស់ឲ្យបានជាប្រយោជន៍ ដល់គ្រួសារ អង្គភាព សង្គមជាតិ និងបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយគុណភាព ហើយត្រូវធ្វើខ្លួនជាទំពាំងស្នងឬស្សី សូមកុំធ្វើជាទំពាំងស្អុយ ៕

CATEGORIES
Share This