ពលរដ្ឋ​នៅ​ស្រុក​កណ្ដាលស្ទឹង​​ សំណូមពរ​ដល់​ឯកឧត្តម​ គង់ សោភ័ណ្ឌ​ មាន​ចំណាត់​ការ​លើ​បុគ្គល​លោក សំរិទ្ធ មុនី ​ចាក់​ដី​លុប​រំលោភ​យក​អូរ​សាធារណៈ​របស់​រដ្ឋ

75

កណ្ដាល ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​កណ្ដាលស្ទឹង​ សំណូមពរ​ដល់​ឯកឧត្តម​ គង់ សោភ័ណ្ឌ​ អភិបាលខេត្តកណ្ដាល មាន​ចំណាត់​ការ​លើ​បុគ្គល​មានលុយ​មាន​​អំណាច​ បាន​ចាក់​ដី​លុប​រំលោភ​យក​អូរ​សាធារណៈ​របស់​រដ្ឋ​ ដើម្បី​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន ​ខណៈនៅ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ គ្មាន​មុខទឹក​ហូរ​ចេញ ​គឺ​ប្រាកដ​ជា​ធ្វើ​ឱ្យ​ជន​លិច​ភូមិឋាន​ជា​ពុំខាន​។

ប្រជាពលរដ្ឋនៅក្នុង​ភូមិ​អំពៅព្រៃ ឃុំ​កណ្តាក និង​ភូមិ​ប្រជុំ​អង្គ ឃុំ​ជើង​កើប​ ស្រុក​កណ្តាលស្ទឹង បាននិយាយថា​ កាលពី​កន្លងទៅនេះ បុគ្គលឈ្មោះ លោក សំរិទ្ធ មុនី ដែល​មាន​ដី​នៅ​ម្ខាង​អូរ បាន​ចាក់​រំលោភ​លុប​អូរ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ធ្វើឱ្យ​បិទមុខ​ទឹក ​និង​ខ្វះខាត​ទឹក​សម្រាប់​បង្កបង្កើនផល ​ហើយ​អូរ​នេះឯង​ ក៏​ជា​ប្រព័ន្ធ​រំដោះ​ទឹក​ចូល​ទៅក្នុង​ប្រឡាយ​តា​ហោ ផងដែរ ​ប៉ុន្តែ ​នៅពេលដែល ​ឈ្មួញ​ចាក់​លុប​មុខទឹក​បែបនេះ ​នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ គ្មាន​មុខទឹក​ហូរ​ចេញ គឺ​ប្រាកដ​ជា​ធ្វើឱ្យ​ជន​លិច​ភូមិ ជាក់​ជាពុំខាន​។

ពលរដ្ឋ​ បាន​បន្តថា ​នៅពេល​ឃើញ​មានការ​ចាក់​លុប​អូរ ពួកគាត់​ក៏បាន​ជម្រាប​លោក​មេភូមិ មេឃុំដែរ ប៉ុន្តែហាក់​គ្មាន​ប្រសិទ្ធភាព​សោះ ​ហើយ​អាជ្ញាធរ​មូលដ្ឋាន ​ហាក់បីដូចជា​ខ្លាច​អំណាច​ឈ្មួញ​បំពាន​ច្បាប់​រូបនោះម៉េច​មិនដឹង​ទេ​ ? ពោលគឺ ​ឈ្មួញ​នៅតែ​ចាក់​លុប​រហូត​បានសម្រេច​ដដែល​ ទោះបី​ដឹង​ច្បាស់​ថា ​ជា​អំពើ​ល្មើសច្បាប់​ក៏ដោយ​។ ដូច្នេះ​ មានតែ​សំណូមពរ​ទៅដល់​លោក​អភិបាលស្រុក​កណ្តាលស្ទឹង​ ក៏ដូចជា​ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មេត្តា​ជួយ​អន្តរាគមន៍​ឱ្យ​ឈ្មួញ​កាយ​ដី​ដែល​ចាក់​លុប​ចេញពី​អូរ ​និង​រក្សា​ទ្រង់ទ្រាយ​ដើម​ឡើងវិញ ​ដើម្បី​ទុកជា​ប្រយោជន៍​រួម​សម្រាប់​ប្រជាកសិករ​ប្រើប្រាស់​ដូច​មុន​វិញ ​ហើយ​បើ​មិន​ដូច្នោះ​ទេ ​ពួកគាត់​នឹង​នាំគ្នា ​ឡើងទៅ​តវ៉ា​ដល់​សាលាខេត្ត​ជាក់​ជាពុំខាន ​ដើម្បី​ទាមទារ​អូរ​មកវិញ​។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ខាងលើ អ្នកសារព័ត៌មានយើង​​មិន​អាច​សុំ​ការ​ពន្យល់​ពី​សំណាក់ លោក សំរិទ្ធ មុនី​បាន​ឡើយទេ ​​។ អង្គភាពយើង និង​រង​ចាំ​ការ​បំភ្លឺ​រាល់​ម៉ោង​បំពេញ​ការងារ​។

ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ទាំង​២​ខាងលើ បាន​បន្ថែមទៀត​ថា​ ពួកគាត់​ពុំបាន​ដឹង​ច្បាស់​ថា​ លោក​ សំរិទ្ធ មុនី មាន​ឋានៈ​ជា​អ្វី​នោះទេ ​បានជា​ថ្លើមធំ​ចាក់​ដី​រំលោភ​យក​ដី​អូរ ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ដូច្នេះ ​​ប៉ុន្តែឮ​តែ​គេ​និយាយ​ថា ​ជា​មន្ត្រី​យោធា​ម្នាក់ ​ហើយ​ពួកគាត់​ក៏​កំពុង​រង់ចាំ​មើល​ផង​ដែរ​ថា​​តើអាជ្ញាធរ​អាច​មាន​សមត្ថភាព​អនុវត្ដន៍​​វិធានការ​រដ្ឋបាល ​បញ្ជា​ឱ្យ​បុគ្គល​បំពាន់​ច្បាប់​រូប​នោះ​កាយ​ដី​ចេញ​ និង​ដកហូត​អូរ​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​បាន​ដែរ ​ឬ​យ៉ាងណា​៕

ដោយ ៖ ខ្មែរពិត 096 49 39 998

ចំណែក