សាខាកាកបាទក្រហមកម្ពុជាសហការជាមួយមន្ត្រីជំនាញ ចុះប្រារព្វធ្វើយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន»និង ទប់ស្កាត់ការីករាលដាលនៃការឆ្លងជម្ងឺកូវីដ១៩ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ
ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២២នេះសាខាកាកបាទក្រហមកម្ពុជាសហការជាមួយមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត ការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដោយមានការអញ្ជើញជាអធិបតីពីសំណាក់ លោក កង ប៊ន អនុប្រធានគណ:កម្មាធិការសាខា តំណាងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត រួមនិងមន្ត្រីប្រតិបត្តិ មន្ត្រីសុវត្ថិភាពចរាចរណ៍ មន្រ្តីការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុបចំនួន ៦៣នាក់ ចុះធ្វើយុទ្ធនាការស្តីពី “ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន”។
ក្នុងឱកាសបើកយុទ្ធនាការខាងលើនេះ លោក កង ប៊ន អនុប្រធានគណ:កម្មាធិការសាខាបានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំនូវប្រសាសន៍របស់ ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខាជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីសុវត្ថិភាពចរាចរណ៍ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យចូលរួមលើកកម្ពស់ និងពង្រឹងការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។
បន្ថែមពីនេះលោកអនុប្រធាន ក៏បានគូសបញ្ជាក់ថា ៖ «បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ-១៩នៅកម្ពុជាយើងមានសភាពធូរស្រាល ដែលបើកឱកាសដល់ការធ្វើដំណើរតាមដងផ្លូវកាន់តែមមារញឹកនោះ, គ្រោះថ្នាក់ចរាចរណ៍នៅជាបញ្ហាគួអោយព្រួយបារម្ភចំពោះសោកនាដកម្មនេះ ហើយមូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះគឺមកពីមនុស្សម្នាក់ៗដែលមិនគោរពច្បាប់ចរាចរណ៍ ក្នុងនោះមានដូចជា ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ មិនពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរក្នុងពេលស្រវឹងជាដើម។»
លោក កង ប៊ន បានថ្លែងបន្តថា «ទន្ទឹមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ក៏ជារឿងដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយទាំងអស់គ្នាដែរក៏ប៉ុន្តែបញ្ហាទាំងអស់នេះយើងអាចចូលរួមទប់ស្កាត់កាត់បន្ថយនិងត្រៀមបង្ការបានតាមរយៈការចូលរួមអនុវត្តច្បាប់របស់ពលរដ្ឋម្នាក់ៗ ហេតុដូចនេះ ភារកិច្ចរបស់យើងគឺចុះអប់រំផ្សព្វផ្សាយ លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើងឱ្យចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។
ជាមួយគ្នានេះក្រុមការងារក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូនគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួនដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ដើម្បីភាពសុខដុមរម្យនា ក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើងផងដែរ។