ទឹកជំនន់ទឹកភ្លៀង ជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ មួយចំនួន ក្នុងស្រុកម៉ាឡៃ

បន្ទាយមានជ័យ ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្កឲ្យមានជំនន់ទឹកភ្លៀង ជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ អស់មួយចំនួន នៅក្នុងភូមិចាន់គិរី ឃុំអូរស្រឡៅ និងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ជាមួយនិងការជនលិចនេះ លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ បានចាត់តាំងកម្លាំងចំនួន ៩នាក់ រថយន្តតូច ១គ្រឿង អាវពោង ៨អាវ ពិល៥ ដឹកនាំដោយលោកអនុសេនីយ៍ឯក ឈឿក ផុន ជំនួយការ វរសេនាតូច សហការជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ដោយជួយលើកម៉ូតូ និងជញ្ជូនសម្ភារៈផ្សេងៗ របស់ប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព ។

លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ទឹកជំនន់នេះ មិនមែនជាទឹកហូរចេញពីអូរព្រំដែនកម្ពុជាថៃនោះ តែជា ទឹកដែលហូរធ្លាក់ពីភ្នំ ហើយរាល់រដូវវស្សាតែងតែជន់លិចលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមជើងភ្នំ និងត្រូវបានអាជ្ញាធរ និងកងកម្លាំងចុះជួយពួកគាត់ ជារាល់ឆ្នាំផងដែរ ៕

CATEGORIES
Share This