Connect with us

ព័ត៌មានជាតិ

ការអភិវឌ្ឍនូវធនធានមនុស្ស គឺ សំដៅសម្រេចឲ្យបាននូវយុវជនម្នាក់ ដែលមានជំនាញមួយយ៉ាងពិតប្រាកដ ប្រចាំជីវិត

បន្ទាយមានជ័យ ៖ ជាសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨  កញ្ញា ឆ្នាំ២០២២ នៅខេត្តបន្ទាយមានជ័យ បានរំលឹកដល់សាស្ត្រាចារ្យ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ថា ការអភិវឌ្ឍនូវធនធានមនុស្ស គឺ សំដៅសម្រេចឲ្យបាននូវយុវជនម្នាក់ ដែលមានជំនាញមួយយ៉ាងពិតប្រាកដ ប្រចាំជីវិត ។

ពិធីអបអរសាទរទិវាអក្ខរកម្មជាតិនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅបរិវេណវេទិការខេត្តបន្ទាយមានជ័យ ក្រោយអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ  ហង់ជួន ណារ៉ុន  ដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីសំណាក់អស់លោកអភិបាលរង ប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើននាក់ទៀតផងដែរ ។

ឯកឧត្តម ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ការប្រារព្ធទិវាអក្ខរកម្មជាតិ៨ កញ្ញា គឺជា ការរំឭកឃើញថា នៅមានភារៈកិច្ចចម្បងចាំបាច់ជាច្រើនទៀត ក្នុងការជំរុញឲ្យមានកំណើនអត្រាអក្ខរកម្ម ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាពឆ្នាំ ២០៣០ ផ្ដោតសំខាន់លើការអប់រំ គុណភាព សមធម៌ បរិយាប័ន្ន និងការលើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិតសម្រាប់អ្នកទាំងអស់គ្នា ក្នុងស្មារតី រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស ដោយប្រើប្រាស់នូវសក្ដានុពលសមត្ថភាព លទ្ធភាពនិងកាលានុវត្តភាពនិងការលើកកម្ពស់ ការងារអក្ខរកម្ម ពិសេសបង្កលក្ខណៈអំណោយផលល្អ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ឲ្យបានចូលរួមកាន់តែសកម្មខ្លាំងក្លា ក្នុងការងារនេះដើម្បីបន្តដំណើរលើមាគ៌ាឆ្ពោះ វឌ្ឍនភាពរុងរឿងនៃសង្គមជាតិកម្ពុជាទាំងមូល ។

ឆ្នាំនេះក្រសួង អប់រំយុវជន និងកីឡាបានកំណត់យកប្រធានបទ អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរនិងការសិក្សាបន្ត នៅពេលដែលប្រទេសកម្ពុជា កំពុងបន្តអភិវឌ្ឍរីកចម្រើនឡើង អក្ខរកម្មដែលជាមូលដ្ឋានគ្រឹះ នៃការសិក្សាពេញមួយជីវិត កាន់តែមានសារៈសំខាន់បន្ថែមទៀត ដើម្បីអភិវឌ្ឍនូវធនធានមនុស្សបំពេញនូវតម្រូវការ នៃសេចក្ដីប្រាថ្នាថ្មី របស់ប្រទេសកម្ពុជា នៅពេលដែលប្រទេសកាន់តែជឿនលឿន ផ្នែកបច្ចេកវិទ្យាព័ត៌មាន  ជំនាញអក្ខរកម្មឌីជីថល កាន់តែមានសារៈសំខាន់ ក្នុងការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មី ៗ បានផ្លាស់ប្តូររបៀបធ្វើ របៀបទំនាក់ទំនង និងអក្ខរកម្មជាមួយគ្នា ៕