មន្ទីរពហុព្យាបាល និងសម្ភពព្រះវិហារ សង្ស័យធ្វើការធ្វេសប្រហែសបណ្តាលឱ្យស្ត្រីម្នាក់ ស្លាប់ទាំងម្ដាយនិងកូនក្នុងផ្ទៃ រួចបញ្ជូនទៅពេទ្យ១៦មករាចង់​យក​រួចខ្លួន

ព្រះវិហារ៖ ស្ត្រីម្នាក់មានអាការៈឈឺពោះសម្រាលកូន​ ពេលសម្រាលកូនទី២  មន្ទីរពហុព្យាបាល ​និងសម្ភពព្រះវិហារ ​ដោយ​សង្ស័យ​ធ្វើ​ខុស​បច្ចេកទេស​ និង​ធ្វេសប្រហែស​បណ្តាល​ឱ្យ​ស្ត្រីម្នាក់​ស្លាប់ទាំងម្ដាយ និងកូនក្នុងផ្ទៃ​ រួច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក១៦​មករា​ ខេត្តព្រះវិហារ​ចង់​យករួចខ្លួន​ ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមមន្ទីរពហុព្យាបាល ​និងសម្ភពព្រះវិហារ ​​ដោយសង្ស័យធ្វើការ​ខុសបច្ចេកទេស និង​ធ្វេសប្រហែសទុកស្ដ្រីដែលត្រូវសំរាលកូន​រយៈពេលយូរ​មិនព្រម​ធ្វើការវះកាត់​តាម​ការទាមទាររបស់ប្ដី ​ទើបបណ្ដាលឱ្យស្ដ្រីរងគ្រោះ ​ប្រឹងរហូតអស់កម្លាំង ​បន្ទាប់​ពី​គ្រូពេទ្យដាក់ថ្នាំសណ្ដំបម្រុងធ្វើការវះកាត់។

ប្រភពដដែល បានបន្ដថា ស្ត្រីរងគ្រោះឈ្មោះ ខៃ ស្រីទូច អាយុ ៣៤ឆ្នាំ នៅភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ​ បានស្លាប់រួម​និងកូនប្រុសក្នុងផ្ទៃ ​កាលពីព្រឹកទី០៤ ខែកញ្ញា ឆ្នាំ ២០២២ បន្ទាប់ពីចូលសំរាលកូនទី២​ រយៈពេល១យប់ ​មិនបានសម្រេច។

ប្រភពដដែល ​បានបន្ថែមទៀតថា ​បានឱ្យដឹងថា​ ស្ដ្រីរងគ្រោះធ្លាប់សំរាលកូនប្រុសដំបូង ដោយ​វិធីវះកាត់ ​គឺ​មានសុវត្ថិភាព។ ​ក្រោយមកទៀតនាង ​បានពពោះកូនប្រុសទី០២ ដោយនាង​មាន​សុខភាពរឹងមាំធម្មតា ​និងបានតាមដានសុខភាព ​ជាប្រចាំទៀតផង។ លុះដល់ព្រលប់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ២០២២ ​នាងបានឈឺពោះ​ហើយក៏​ធ្វើដំណើរជាមួយប្ដី ទៅសំរាលកូនទី២ នៅ​មន្ទីរពហុព្យាបាល ​និងសម្ភព​ ព្រះវិហារ ស្ថិតនៅភូមិឡឥដ្ឋ ​សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ​ក្នុងនោះក្រុមគ្រូពេទ្យបានឱ្យនាងសំរាក១យប់ ស្រាប់តែព្រឹកឡើងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២២ នាងបានស្លាប់រួមនិងកូនក្នុងផ្ទៃ។

ជុំវិញករណីនេះលោក យ៉ាន់ ម៉េងហាក់ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះវិហារ ត្រូវជាប្ដីរបស់ស្ដ្រីរងគ្រោះ​ បាន​ទ្រហោយំ ប្រាប់អ្នកសារព័ត៌មានថា​ លោកពិតជាអាណិតប្រពន្ធនិង​កូន​ខ្លាំង​ណាស់ ​និងមិនអាច​ទទួលយកបានទេ ​ចំពោះការស្លាប់នេះ។លោកថា ​មុនពេលទៅសំ​រាលកូន គឺប្រពន្ធរបស់លោក​ មានសុខភាពរឹងមាំធម្មតា។ ដោយនាងឈឺពោះ​គ្រប់ខែ លោក​ក៏​នាំនាងទៅសំរាលកូននៅ”មន្ទីរពហុព្យាបាល និងសម្ភព ព្រះវិហារ”។ ក្នុងនោះគ្រូពេទ្យ បាន​ឱ្យស្ដ្រីរងគ្រោះសំរាកក្នុងមន្ទីរពេទ្យ ខណៈរូបគាត់ជាប្ដីនៅមើលថែប្រពន្ធក្នុង ​មន្ទីរពេទ្យផងដែរ។

គ្រួសារជនរងគ្រោះ បន្តថា នៅយប់ថ្ងៃទី០៣ ខែកញ្ញា ២០២២ ប្រពន្ធខ្លួនបានឈឺពោះបែកទឹកភ្លោះ ប្រុងសំរាលកូន ​ដោយឃើញអាការៈប្រពន្ធបែបនោះខ្លួនបារម្ភជាខ្លាំង ​ព្រោះថា កាល​នាង​សំរាល​កូនទី១ ​ក៏វះកាត់ដែរ​ រូបលោក ​បានទទូចសុំឱ្យក្រុមគ្រូពេទ្យ ​ធ្វើការវះកាត់ ​ដើម្បី​ជួយពន្លឿន កុំឱ្យ​ស្ដ្រីរងគ្រោះឈឺពោះយូពេក ​ខ្លាចនាងអស់កម្លាំង។ ​ប៉ុន្តែក្រុមគ្រូពេទ្យបានធ្វេសប្រហែស មិន​យក​ចិត្តទុកដាក់មិនអើពើ ​វះកាត់​តាមការទាមទារនោះឡើយ ។ ដោយទុកឱ្យនាងប្រឹង សំរាល​តាម​បែបធម្មជាតិ ​ខណៈបែកទឹកភ្លោះយូផងនោះ បណ្ដាលឱ្យនាង​អស់​កម្លាំងជិត​ផុត​ដង្ហើម ។

ដោយឃើញសភាពបែបនោះ ក្រុមគ្រូពេទ្យបានដាក់ថ្នាំសណ្ដំឱ្យនាងសន្លប់ ​ដើម្បីធ្វើការវះកាត់ ស្របពេលនោះនាង​អស់កម្លាំងផង ​ហើយត្រូវថ្នាំសណ្ដំទៀត​បណ្ដាលឱ្យនាងស្លឺភ្នែក ​ដកចង្កាមាន់ ដេកស្ដូកលែងដឹងខ្លួន ​លែងរើបម្រាសអ្វីទាំងអស់។ ក្រោយឃើញនាង ​ស្ដូកស្ដឹង​បាត់​ដង្ហើមលែង​ដឹងខ្លួនបែបនេះ​ ទើប​ក្រុម​មន្ទីរពហុព្យា​បាល ​និងសម្ភពព្រះវិហារ ​បាន​សម្រេច​បញ្ជូនស្ត្រីរូបនេះ​ ទាំង​តក់ក្រហល់​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក១៦​មករា​ ខេត្តព្រះវិហារ ​ដើម្បីគេច​ពី​ការ​ទទួលខុសត្រូវ ។

បើ​តាមលោក សុក វាសនា ប្រធានមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ បានថ្លែងប្រាប់ «ព័ត៌មានក្នុងស្រុក» ​នៅរសៀលថ្ងៃទី០៦ ​ខែកញ្ញា ឆ្នាំ២០២២នេះថា ពេលនោះស្ដ្រីរងគ្រោះត្រូវបាន​ដឹកមកកាន់ មន្ទីរពេទ្យបង្អែករបស់លោក ត្រឹមតែ២៥នាទីប៉ុណ្ណោះ ​រួចក៏​ដឹកសពទៅធ្វើបុណ្យ ។ចំពោះ​ការវិនិច្ឆ័យបែបណានោះ ​លោកសូមមិនបកស្រាយឡើយ ដោយថា ជំនាញកំពុងស្រាវជ្រាវ។

ពាក់ករណីខាងលើនេះ អង្គភាពយើងទូរស័ព្ទសុំការបំភ្លឺពី​មន្ទីរពហុព្យាបាល និងសម្ភពព្រះវិហារ​ផងដែរ តែសម្ភពមិនអាចនិយាយបាន ឱ្យអ្នកព័ត៌មានយើងទៅជួបតំណាងសម្ភព។

ក្រុមគ្រួសារនៃសព អះអាងថា ​មន្ទីរពហុព្យាបាល និងសម្ភពព្រះវិហារកំពុងចរចាអំពីសំណង​ជូន​ក្រុម​គ្រួសារគាត់ ​ដើម្បី​បញ្ចប់រឿង​ តែករណីនេះធ្វើឲ្យមជ្ឈដ្ឋានមួយចំនួន ​ចង់ឃើញ​ក្រសួង​សុខាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ អនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះ​គ្រូពេទ្យ​ដែល​ខ្វះ​វិជ្ជាជីវៈនិង​ខ្វះភាពទទួល​ខុសត្រូវ​ ដើម្បី​ចូលរួមកែទម្រង់វិស័យសុខាភិបាលនៅកម្ពុជា​ ដែល​ជាទំនុកចិត្តរបស់ប្រជាពលរដ្ឋ ។

យ៉ាងណាប្រជាពលរដ្ឋបានសំណូមពរដល់ក្រសួងសុខាភិបាល ​និងស្ថាប័នពាក់ព័ន្ធ មេត្តា​ចាត់វិធានការលើមន្ទីរពេទ្យនេះ និងលោកគ្រូពេទ្យ​ អ្នកគ្រូពេទ្យ ​ដែលគ្មានសមត្ថភាព វិជ្ជាជីវៈផង។បើនៅតែបណ្តែតបណ្តោយទៀត ច្បាស់ជាវិស័យសុខាភិបាលនៅកម្ពុជា ដែលជាទំនុកចិត្តរបស់​ប្រជាពលរដ្ឋនឹងធ្លាក់ចុះនិងអស់ជំនឿដោយសារខ្វះការទទួលខុសត្រូវ ពេលជនរងគ្រោះ​បាត់បង់​ជីវិត​ជាមិនខាន ៕

CATEGORIES
Share This