នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនមនុស្សម្នាក់ ជាមួយថ្នាំញៀន ជិត១គីឡូក្រាម

បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាបឃាត់ខ្លួន កាលពីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី ៤២ ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាមួយថ្នាំញៀនជិត ១គីឡូក្រាម ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ សាន វណ្ណា ហៅ ស្រួច ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញ ឃាត់ខ្លួនរួមជាមួយវត្ថុតាង មួយចំនួន រួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ICE ចំនួន ០១កញ្ចប់ធំ មានទម្ងន់ ៩៩៧.០១ក្រាម ( ថ្នាំសុទ្ធ), អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួនមួយសន្លឹក, ទូរស័ព្ទដៃចាស់មួយគ្រឿង, និងកាបូបស្ពាយដាក់ថ្នាំញៀន ០១ផងដែរ ។

ក្រោយឃាត់ខ្លួន ជនសង័្សយជាមួយវត្ថុតាង  រហូតមកដល់ពេលនេះ ត្រូវបានមន្ត្រីការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ អនុវតតាមនីតិវិធី ៕
ដោយ ៖ សាលី

CATEGORIES
Share This