យុវជនម្នាក់រងរបួសធ្ងន់ ក្រោយបើកម៉ូតូ បុកគោយន្តកន្ត្រៃពេញទំហឹង

បន្ទាយមានជ័យ ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ ក្រោយបើកម៉ូតូ បុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹង កាលពីវេលាម៉ោង០១និង១៥នាទី រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ចំណុចផ្លូវជាតិលេខ៥៦A​ប្រសព្វបំបែកជាបី ក្នុងភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ិន ច័ន្ទប៊ីលី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ បន្ទាយមានជ័យ 1I-1660 (ពាក់មួកសុវត្ថិភាព) ។ ចំណែកអ្នកបើកគោយន្ត ឈ្មោះ សូត្រ សម្បត្តិ ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិ ខ្វាវកើត ឃុំ រលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ប្រភពបញ្ជាក់ថា នៅមុនពេលកើតហេតុ ម៉ូតូ និងគោយន្ត បានធ្វើដំណើរស្របទិសគ្នាក្នុងទិសដៅពីត្បូងទៅជើង ពេលបើកបរមកដល់ចំណុចកើតហេតុ គោយន្តកន្ត្រៃ បានប្តូរគន្លងផ្លូវ បត់ស្ដាំពីផ្លូវជាតិចុះទៅផ្លូវលំដោយពុំមានសញ្ញាប្រាប់ ស្របពេលនោះម៉ូតូបើកក្នុងល្បឿនលឿន ជាន់ហ្វ្រាំមិនទាន់ បានបុលគោយន្តពេញទំហឹង បណ្តាលឲ្យ អ្នកបើកម៉ូតូបាក់ភ្លៅខាងឆ្វេងរងរបួសធ្ងន់ ត្រូវដឹកទៅព្យាបាលនៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងបាន យកទាំងម៉ូតូ និងគោយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្វាយចេក រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

CATEGORIES
Share This